យុវជនឈាមរាវម្នាក់កាប់សម្លាប់ម្តាយចិញ្ចឹម៣ពូថៅឲ្យស្លាប់ក្នុងថ្លុកឈាមព្រោះខឹងមិនឲ្យនិយាយទូរស័ព្ទយូរជាមួយស្រីស្នេហ៍
នាវេលាម៉ោង២១និង៣០នាទីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងយប់កើតឡើងនៅភូមិពាមខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយសារយុវជនឈាមរាវម្នាក់ត្រូវជាកូនចិញ្ចឹម បានដាច់ចិត្តកាប់ទៅលើស្ត្រីជាម្តាយចិញ្ចឹមរបស់ខ្លួននឹងពូថៅចំនួន៣ពូថៅ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមភ្លាមៗនៅកន្លែងកើតហេតុ ពីព្រោះតែជនសង្ស័យចិត្តដាច់រូបនោះខឹងសម្បានឹងម្តាយចិញ្ចឹមរបស់ខ្លួនមិនឲ្យនិយាយទូរស័ព្ទជាមួយស្រីស្នេហ៍ យូរពេក ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យជាយុវជនឈាមរាវដែលកាប់សម្លាប់ម្តាយចិញ្ចឹមរបស់ខ្លួននោះមានឈ្មោះ កែវ ពៅ អាយុ២៣ឆ្នាំ និងស្ត្រីរងគ្រោះត្រូវជាម្តាយចិញ្ចឹមឈ្មោះ ណុប ធា អាយុ៥២ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលយប់កើតហេតុ ជនសង្ស័យត្រូវជាកូនចិញ្ចឹមបានជួបជុំគ្នាផឹកស្រាសជាមួយមិត្តភក្តិចំនួន២នាក់ទៀតនៅផ្ទះរបស់ស្ត្រីរងគ្រោះជាម្តាយចិញ្ចឹម ។ លុះផឹកស៊ីចប់សព្វគ្រប់ មិត្តភក្តិ២នាក់នោះក៏បានចាកចេញត្រឡប់ទៅវិញអស់ ហើយជនសង្ស័យបានទាញទូរស័ព្ទមកនិយាយទំនាក់ទំនងជាមួយស្រីស្នេហ៍យ៉ាងយូរ ។ ពេលនោះ ជនរងគ្រោះជាម្តាយចិញ្ចឹមក៏បានយកកាំបិតមកជន្លលេងពីក្រោយខ្នងកូនចិញ្ចឹមគំរាមកុំឲ្យនិយាយទូរស័ព្ទយូរតទៅទៀត ជាហេតុធ្វើឲ្យកូនចិញ្ចឹមខឹងសម្បាកាន់តែខ្លាំង ស្ទុះទៅយកពូថៅមកកាប់លើស្ត្រីរងគ្រោះជាម្តាយចិញ្ចឹមចំនួន៣ពូថៅ ដែល១ពូថៅចំក្បាល ១ពូថៅចំកញ្ចឹងក និង១ពូថៅទៀតចំខ្នងកន្លែងបោះដៃផុត បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
ព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយកាប់សម្លាប់ម្តាយចិញ្ចឹមរបស់ខ្លួនរួចហើយ ជនសង្ស័យជាកូនចិញ្ចឹមនោះបានជិះទោចក្រយានយន្តដែលម្តាយចិញ្ចឹមទិញឲ្យទុកជិះ បើករត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចភូមិព្រែកមាស ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការដើម្បីចាត់ការតាមនីតិវិធីបន្ត ។
នេះគឺជារឿងសោកសៅ និងអាណោចអាធ័មមួយដែលម្តាយចិញ្ចឹមបានស្លាប់បាត់បង់ជីវិតនៅក្រោមស្នាដៃកូនចិញ្ចឹមចិត្តឫស្សាកាប់សម្លាប់យ៉ាងសាហាវឃោរឃៅបំផុត ៕
Source from: www.dtn7.com

Loading...
Loading...