នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន មានថ្ងៃខែឆ្នាំកំណើតចំនួន២ខុសគ្នា
នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី មានមន្ត្រីរាជការមិនតិចនាក់ទេ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ដែលមានគំនិតទុច្ចរិតប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើត ចំនួន២ ខុសៗគ្នាក្នុងគោលបំណងពន្យារអាយុចូលនិវត្តន៍ ឬពាក្យសាមញ្ញពេញនិយមគេហៅថា «ពន្យារកំណើត» ខណៈដែលរាជរដ្ឋាភិបាលគ្មានវិធានការទៅលើអំពើក្លែងបន្លំបោកប្រាស់របស់ពួកមន្ត្រីរាជការទាំងនោះឡើយ តួយ៉ាងដូចជា នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អតីតអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នបានជាប់ឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនជាដើម គឺមានថ្ងៃ ខែ ឆ្នាំកំណើត ចំនួន២ ខុសគ្នាស្រឡះ។
ព័ស្តុតាងបានបង្ហាញថា នៅពេលឯកឧត្តម អ៊ី ឈាន ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៦៦០ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ គឺដាក់ថ្ងៃ ខែ ឆ្នាំកំណើត ថា «ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥១»។ ផ្ទុយទៅវិញនៅពេលឯកឧត្តម អ៊ី ឈាន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃដដែល ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/២១១ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នោះ គឺដាក់ថ្ងៃ ខែ ឆ្នាំកំណើត ថា «ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៤»។ មានន័យថា ថ្ងៃ ខែ ឆ្នាំកំណើត របស់ឯកឧត្តម អ៊ី ឈាន ជាមនុស្សតែម្នាក់បែរជាមានចំនួន២ខុសគ្នាស្រឡះសឹងមិនអាចប្រៀបធៀបកើត។
យោងតាមព័ស្តុតាងខាងលើនេះ មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងនូវការសង្ស័យថា អាចឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ដែលមានឆ្នាំកំណើត១៩៥១នោះ បានកែឆ្នាំកំណើតថ្មី បន្ថយអាយុដាក់ថា ១៩៥៤ (បន្ថយចំនួន៣ឆ្នាំ) វិញ ដើម្បីគេចវេះពីការចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយឯកឧត្តម អ៊ី ឈាន អតីតអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅតែគេចមិនផុតពីការដាក់ឲ្យចូលនិវត្តន៍កាលពីដើមឆ្នាំ២០១៤ នោះឡើយ គ្រាន់តែបានបន្សល់ទុកនូវព័ស្តុតាងបង្ហាញថា ឧត្តមមន្ត្រីថ្នាក់លេខ១ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាម្នាក់ គឺឯកឧត្តម អ៊ី ឈាន នេះ មានថ្ងៃ ខែ ឆ្នាំកំណើតចំនួន២ ខុសគ្នា ដែលជាបទល្មើសមួយក្នុងអំពើក្លែងបន្លំ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន។
នេះគឺជាព័ស្តុតាងមួយ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាចោទប្រកាន់ថា បើមន្ត្រីរាជការចេះលួចកែក្លែងបន្លំអាយុខ្លួនឯងរបៀបជាចោរទៅហើយនោះ ដូច្នេះ រាជរដ្ឋាភិបាលដែលមានសមាសភាពកាន់តួនាទីចេញពីមន្ត្រីរាជការបែបនេះ ក៏ត្រូវមានឈ្មោះថា ជារាជរដ្ឋាភិបាលចោរដែរ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលគេហៅថា ជាបុរសខ្លាំងនៃកម្ពុជានោះ មេត្តាចាប់អារម្មណ៍ និងមានវិធានការលុបបំបាត់អំពើទុច្ចរិតរបស់មន្ត្រីរាជការក្រោមឱវាទ បូករួមទាំងការលួចក្លែងបន្លំអាយុផ្ទាល់ខ្លួននេះឡើងទៅផង៕
Source from: www.dtn7.com

Loading...
Loading...