ទូរទស្សន៍ CTN និង My TV របស់អ្នកឧកញ៉ា គិត ម៉េង ព្រមានទូរទស្សន៍ខ្សែកាប្លិ៍ដែលចាក់ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ World Cup 2014
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ទូរទស្សន៍ CTN និង My TV របស់អ្នកឧកញ៉ា គិត ម៉េង ជាឈ្មួញដ័មានឥទ្ធិពលនៅកម្ពុជា បានធ្វើការព្រមានទៅលើក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ PPCTV និង CCTV នៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍តាមបណ្តាខេត្តមួយចំនួនទៀត ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលបានធ្វើការចាប់យករូបភាពនូវការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤ (World Cup 2014) នៅប្រទេសប្រេស៊ីល ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បរទេស ដូចជាទូរទស្សន៍វៀតណាម(ប៉ុស្តិ៍VTV3) ទូរទស្សន៍ថៃ(ប៉ុស្តិ៍លេខ៧) និងទូរទស្សន៍ម៉ាឡេស៊ី(ប៉ុស្តិ៍ASTRO) ជាដើម ព្រមទាំងបានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានវិធានការទៅលើបណ្តាក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ទាំងអស់នោះទៀតផង ដោយសម្អាងថា ជាអំពើរំលោភបំពានលើកម្មសិទ្ធិបញ្ញា ។
ការណ៍ដែលអ្នកគ្រប់គ្រងទូរទស្សន៍ CTN និង My TV ព្រមាន និងដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍មួយចំនួន ដែលចាក់ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ World Cup 2014 នោះ គឺដោយសារក្រុមហ៊ុនទូរទស្សន៍ CTN និង My TV អះអាងថា ជាអំពើប្រកួតប្រជែងដោយគ្មានភាពស្មោះត្រង់ និងជាការរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញារបស់ស្ថានីយ៍ទូរទស្សន៍ CTN និង My TV ព្រមទាំងសហព័ន្ធសមាគមកីឡាបាល់ទាត់ពិភពលោក(FIFA) ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងការចូលរួមអនុវត្តន៍ច្បាប់ស្តីពីការធានា និងការពារកម្មសិទ្ធិបញ្ញា ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងសុំអន្តរាគមន៍របស់ស្ថានីយ៍ទូរទស្សន^ CTN និង My TV រួចមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថបានចេញលិខិតមួយលេខ១៧/២០១៤សជណ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជម្រាបជូនលោកឧកញ៉ា លោកជំទាវ លោក-លោកស្រីជាអគ្គនាយក នាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ ក្នុងកម្មវត្ថុស្នើសុំបញ្ឈប់ចាក់ផ្សាយការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក (World Cup 2014) នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាប់យករូបភាពផ្សព្វផ្សាយបន្តពីប៉ុស្តិ៍ទូរទស្សន៍តទៅទៀត ។ លិខិតរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានបញ្ជាក់ទៀតថា "ដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយភាពស្មោះត្រង់នៅលើវិស័យពាណិជ្ជកម្ម ក៏ដូចជាពង្រឹង និងលើកកម្ពស់ការអនុវត្តន៍ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យសមស្របជាប្រទេសនីតិរដ្ឋ ខ្ញុំស្នើសុំឲ្យលោកឧកញ៉ា លោកជំទាវ លោក-លោកស្រីជាអគ្គនាយក នាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ដែលបានប្រព្រឹត្តខុសឆ្គងកន្លងមក ត្រូវបញ្ឈប់ការចាប់យករូបភាពនូវការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤ ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បរទេសតទៅទៀត ។ នៅក្នុងករណីមិនព្រមបញ្ឈប់ការផ្សាយ ហើយបន្តរំលោភបំពានទៀតនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ " ។
ដោយឡែក សហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ក៏បានបញ្ចេញប្រតិកម្ម និងចេញលិខិតមួយច្បាប់មានខ្លឹមសារថា "ដោយមានការចាប់អារម្មណ៍ពី FIFA ថា ស្ថានីយ៍ទូរទស្សន៍ខ្សែកាប្លិ៍ PPCTV ដែលកំពុងផ្សព្វផ្សាយការប្រកួត FIFA World Cup 2014 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនបានទទួលការអនុញ្ញាតពី FIFA ឬពីការិយាល័យផ្តល់សេវាកម្ម FIFA សម្រាប់ការផ្សាយនៅប្រទេសកម្ពុជា ។ ដើម្បីធានាកុំឲ្យមានការផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតបែបនេះជាបន្តទៀត FIFA នឹងត្រួតពិនិត្យមើលរាល់ការផ្សព្វផ្សាយរបស់បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ PPCTV ហើយត្រូវតែគោរពច្បាប់របស់ FIFA World Cup 2014 ឲ្យស្របទៅតាមកម្មសិទ្ធិបញ្ញារបស់ FIFA World Cup 2014 ។ យើងស្នើសុំឲ្យអ្នកចូលរួមសហការកុំមានការផ្សព្វផ្សាយណាមួយពីការប្រកួត FIFA World Cup 2014 ឬផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ណាមួយដែលទទួលបានសិទ្ធិពី FIFA ក្នុងនោះមានទាំងផ្កាយរណប MEASAT(ASTRO Malaysia)ផងដែរ ហើយសន្យាមិនត្រូវផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតពី FIFA ដូចដែលបានចុះហត្ថលេខានៅក្នុងលិខិតនេះ ហើយសូមឆ្លើយតបឲ្យយើងខ្ញុំភ្លាមៗ តាមរយៈ E-mail : sanjiv.arora@fifa.org ។ យើងសង្ឃឹមថា លោកអ្នកនឹងសហការជាមួយសំណើខាងលើ ហើយយើងនឹងអាចដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានមិត្តភាព" ៕
Source from: www.dtn7.com

Loading...
Loading...