ទីបំផុតគណបក្សប្រឆាំងព្រមយកតំណែងក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាច ក្រោយមានការចាប់និងឃុំខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតជិត១០នាក់
ទីបំផុត នៅពេលខាងមុខឆាប់ៗនេះ រដ្ឋសភានីតិកាលទី៥លែងមានឈ្មោះជាសភាគណបក្សប្រជាជនកម្ពុជា ឬជាសភាមិនគ្រប់ទឹកទៀតហើយ ដោយសារបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចំនួន៥៥នាក់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំង បានយល់ព្រមធ្វើសច្ចាប្រណិធានចូលធ្វើការជាមួយអ្នកតំណាងរាស្ត្រចំនួន៦៨នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច និងលើសពីនេះ ខាងគណបក្សសង្គ្រោះជាតិក៏បានឯកភាពទទួលយកមុខតំណែងនៅក្នុងរដ្ឋសភា តាមការចែករំលែកពីគណបក្សប្រជាជនកម្ពុជាផងដែរ ដូចមានចែងនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងដំណោះស្រាយនយោ បាយកើតចេញពីជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ ។
កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមានលក្ខណៈជាបន្ទាន់រហូតទទួលបានកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ចាត់ទុកថា ជា"លទ្ធផលជោគជ័យ"នោះ គឺបានកើតឡើងភ្លាមៗ បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចំនួន៧នាក់ ត្រូវបានអាជ្ញាធរ និងតុលាការគណបក្សប្រជាជនកម្ពុជាចាប់ និងឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបន្តបន្ទាប់ ហើយដែល"ល្បែងនយោបាយ"មួយនេះ ត្រូវបានគេសង្ស័យថា គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបានរួមដៃគ្នារៀបចំឡើងចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមប្រធានបទទាមទារបើកទីលានប្រជាធិបតេយ្យមកម្ល៉េះ ។
ដំណោះស្រាយនយោបាយរួមរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលលទ្ធផលសឹងតែគេអាចដឹងជាមុននោះ បានបើកផ្លូវឲ្យមានការដោះលែងក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងភ្លាមៗនៅរសៀលថ្ងៃនេះ ទោះបីជនត្រូវចោទរងការចោទប្រកាន់ដោយតុលាការក្នុងបទល្មើសឧក្រិដ្ឋក្តី ។ ហេតុផលស្ទួនគ្នានេះធ្វើឲ្យគេអាចសន្និដ្ឋានបានថា ការចាប់និងឃុំខ្លួនក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងពីសំណាក់អាជ្ញាធរគណបក្សកាន់អំណាចរបស់បុរសខ្លាំង គឺធ្វើឡើងក្រោមរូបភាពនយោបាយ និងការដោះលែងវិញ ក៏ឋិតនៅក្រោមរូបភាពនយោបាយដែរ គ្រាន់តែយកស្ថាប័នតុលាការធ្វើជាឧបករណ៍បំពេញនីតិវិធីប៉ុណ្ណោះ ។
មុខតំណែងដែលគណបក្សសង្គ្រោះជាតិត្រូវទទួលបាននៅក្នុងរដ្ឋសភានីតិកាលទី៥ គឺអនុប្រធានទី១រដ្ឋសភា, ប្រធានគណៈកម្មការទី១(គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា) ប្រធានគណៈកម្មការទី៣(គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) ប្រធានគណៈកម្មការទី៧(គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) ប្រធានគណៈកម្មការទី៨(គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី) និងប្រធានគណៈកម្មការទី១០ដែលទើបបង្កើតថ្មី ឈ្មោះ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ។
អនុលោមតាមស្មារតីនៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺចាប់ពីពេលនេះតទៅលែងឮសួរទៀតហើយនូវពាក្យថា "បោះឆ្នោតសាជាថ្មី, ហ៊ុន សែន អើយចុះចេញទៅ…។ល។" ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មិនត្រូវបានជ្រើសតាំងដោយរដ្ឋសភាក្នុងសំឡេង២ភាគ៣ ឬឯកច្ឆន្ទតាមការស្នើរបស់មេដឹកនាំគណបក្សប្រឆាំងនោះឡើយ គឺត្រូវជ្រើសតាំងដោយសំឡេងមតិភាគច្រើនដាច់ខាត(៥០%+១)នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដូចការចង់បានរបស់គណបក្សកាន់អំណាច ៕
Source from: www.dtn7.com

Loading...
Loading...