ស្ត្រីជើងខ្លាំងប្រធានសន្តិសុខពេទ្យរុស្ស៊ីដែលវាយដំអ្នកកាសែតត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ
នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីជើងខ្លាំងជាប្រធានសន្តិសុខឯកជនប្រចាំមន្ទីរពេទ្យរុស្ស៊ី ដែលបានចាប់បង្ខាំង និងវាយដំ ព្រមទាំងបំផ្លិចបំផ្លាញសម្ភារៈអ្នកសារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ហង្សមាសពេលកំពុងបំពេញភារកិច្ច កាលពីរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នោះហើយ បន្ទាប់ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ។
សូមបញ្ជាក់ជូនថា កាលពីរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ស្ត្រីជើងខ្លាំងជាប្រធានសន្តិសុខឯកជនប្រចាំមន្ទីរពេទ្យរុស្ស៊ីម្នាក់ឈ្មោះ កើត ផល្លី អាយុ៤០ឆ្នាំ បានចាប់បង្ខាំង និងប្រើអំពើហិង្សាវាយដំទៅលើអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ព្រមទាំងបានបំផ្លិចបំផ្លាញម៉ាស៊ីនថតរបស់អ្នកកាសែតរងគ្រោះទៀតផង ។
លោក ឡេង វណ្ណសុធា ដែលជាអ្នកកាសែតរងគ្រោះ បានអះអាងឲ្យដឹងដែរថា ស្ត្រីជើងខ្លាំងដែលវាយដំមកលើខ្លួននោះ ធ្លាប់បានចរចាប្រុងផ្តល់សំណងជំងឺចិត្តចំនួន៣ពាន់ដុល្លារអាមេរិកដល់រូបលោកជាជនរងគ្រោះ ប៉ុន្តែលោកមិនទទួលយកសំណងនេះទេ ដោយតម្រូវឲ្យអនុវត្តន៍តាមនីតិវិធីនៃច្បាប់ ដើម្បីកុំឲ្យមនុស្សចេះតែអាងមានលុយ វាយធ្វើបាបគេតាមអំពើចិត្តនោះ ៕
Source from: www.dtn7.com

Loading...
Loading...