អ្នកតំណាងរាស្ត្របក្សប្រឆាំង៥៥នាក់ខាតបង់ប្រាក់បំណាច់ប្រមាណ១,១លានដុល្លារ តែបានចំណេញដល់ថវិកាជាតិ
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរដ្ឋសភានីតិកាលទី៥ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះថា តាមច្បាប់ អ្នកតំណាងរាស្ត្រទទួលបានប្រាក់បំណាច់ លុះត្រាតែបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនោះធ្វើសច្ចាប្រណិធានចូលកាន់តំណែងស្របតាមមាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ប្រាក់បំណាច់របស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥នាក់ នឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃចូលកាន់តំណែង ។
យោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប គឺរយៈពេល១០ខែកន្លងផុតទៅនេះ អ្នកតំណាងរាស្ត្រគណ បក្សសង្គ្រោះជាតិចំនួន៥៥នាក់ មិនទទួលបានប្រាក់បំណាច់ទេ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១,១លានដុល្លារអាមេរិក ។
ទោះយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឲ្យដឹងថា ប្រាក់បំណាច់សមាជិកសភាមិនទាន់ពេញសិទ្ធិចំនួន៥៥នាក់ របស់គណបក្សសង្គ្រោះជាតិនោះនឹងត្រូវបង្វែរចូលថវិកាជាតិវិញ ។ មានន័យថា អ្នកតំណាងរាស្ត្របក្សប្រឆាំងដែលនឹងត្រៀមធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅពេលខាងមុខ ខាតបង់ប្រាក់បំណាច់សរុបប្រមាណ១,១លានដុល្លារអាមេរិក ប៉ុន្តែបានចំណេញដល់ថវិការដ្ឋ ៕
Source from: www.dtn7.com

Loading...
Loading...