រឿងគួរពិចារណានៅពេលដែល CNN ច្រឡំថាប្រាសាទអង្គរវត្តជារបស់ថៃ រីឯក្រុមហ៊ុនបោះពុម្ពសៀវភៅរបស់ជប៉ុនមួយច្រឡំថាជារបស់វៀតណាម
ពិតជារឿងរ៉ាវមួយដែលគួរឲ្យពិចារណា ទាក់ទងនឹងកម្មសិទ្ធិរបស់ប្រាសាទអង្គរវត្ត ដែលពិភពលោកបានទទួលស្គាល់រួចហើយ និងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថាជារបស់ប្រទេសកម្ពុជា ប៉ុន្តែបែរជានៅមានព្រឹត្តិការណ៍នឹកស្មានមិនដល់ និងមិនគួរឲ្យជឿនៅពេលដែលទូរទស្សន៍ CNN ដ៏ល្បីរបស់សហរដ្ឋអាមេរិក បាន Post កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤កន្លង នៅក្នុង Page នៃបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម ច្រឡំថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ ខណៈដែលនាពេលថ្មីៗនេះដែរ ក្រុមហ៊ុនបោះពុម្ពសៀវភៅឯកជនរបស់ជប៉ុនមួយដែលបានបោះពុម្ពជាសៀវភៅមគ្គុទេសក៍វៀតណាម ក៏បានបោះពុម្ពច្រឡំដាក់ប្រាសាទអង្គរវត្តនៅលើក្របមុខរបស់សៀវភៅ សំដៅថាជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមផងដែរ ។
ក្រុមហ៊ុនឯកជនជប៉ុនដែលបានបោះពុម្ពសៀវភៅមគ្គុទេសក៍វៀតណាម តែបែរជាច្រឡំប្រើប្រាស់រូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា នៅលើក្របមុខសៀវភៅ ធ្វើឲ្យអ្នកអានគិតថា ប្រាសាទអង្គរវត្តជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមនោះ មានឈ្មោះថា Asuka Publishing Company ។
ពាក់ព័ន្ធនឹងការបោះពុម្ពច្រឡំដោយប្រើប្រាស់រូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា នៅលើក្របមុខសៀវភៅមគ្គុទេសក៍វៀតណាមនោះ គឹលោក Eiichi Ishino ប្រធានក្រុមហ៊ុនបោះពុម្ពសៀវភៅ Asuka Publishing Company បានធ្វើការសុំទោសចំពោះកំហុសឆ្គងនេះរួចហើយ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ដោយលោកអះអាងថា កំហុសឆ្គងនេះដោយសារខ្វះការត្រួតពិនិត្យជាមុនពេលបោះពុម្ពផ្សាយ ហើយលោកក៏បានប្រកាសដែរថា ក្រុមហ៊ុននឹងបញ្ឈប់ការលក់សៀវភៅនេះរហូតដល់ទាល់តែរចនាក្របសៀវភៅថ្មីបានចប់រួចរាល់ ។ ការចេញមុខសុំទោសរបស់នាយកក្រុមហ៊ុនឯកជនជប៉ុននេះ គឺបន្ទាប់ពីប្រជារាស្ត្រខ្មែរដែលរស់នៅប្រទេសជប៉ុនបានប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លា ទៅនឹងកំហុសឆ្គងនៃការបោះពុម្ពសៀវភៅប្រើប្រាស់រូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជានៅលើក្របមុខសៀវភៅមគ្គុទេសក៍វៀតណាមនោះរួចមក ។
ថ្វីដ្បិតអ្វីៗបានបញ្ចប់រួចទៅហើយ ទាំងទូរទស្សន៍ CNN ដ៏ល្បីរបស់សហរដ្ឋអាមេរិក ទាំងក្រុមហ៊ុនឯកជនរបស់ជប៉ុនឈ្មោះ Asuka Publishing Company បានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួនក្តី ក្នុងការភ័ន្តច្រឡំទាក់ទងនឹងកម្មសិទ្ធិរបស់ប្រាសាទអង្គរវត្តកម្ពុជាថា ជារបស់ប្រទេសថៃ និងរបស់ប្រទេសវៀតណាម ប៉ុន្តែករណីនេះបានធ្វើឲ្យមជ្ឈដ្ឋាននានានឹកគិតថា មិនគួរមានការភ័ន្តច្រឡំផ្ទួនៗគ្នាបែបនេះឡើយ ទាក់ទងនឹងកម្មសិទ្ធិប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដ្បិតប្រាសាទបុរាណដ៏ល្បីឈ្មោះនេះបានចុះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករួចទៅហើយដែរ ៕
Source from: www.dtn7.com

Loading...
Loading...