ជំទាវឯកឧត្តម ស៊ុយ សែម ជាថៅកែក្រុមហ៊ុន KDC បានល្បីឈ្មោះព្រោះករណីជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយអ្នកភូមិ
ជម្លោះដីធ្លីរ៉ាំរ៉ៃមួយឋិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទំហំជាង១០០ហិកតា រវាងក្រុមហ៊ុន KDC International ដែលគេស្គាល់ថា មានលោកជំទាវ ជា ខេង ភរិយារបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល (អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល) ជាថៅកែ ជាមួយក្រុមអ្នកភូមិជាង១០០គ្រួសារ បានកើតមានឡើងចាប់តាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ ដោយក្រុមអ្នកភូមិចោទប្រកាន់ទៅលើក្រុមហ៊ុនលោកជំទាវ ជា ខេង ថា បានរំលោភបំពានយកដីធ្លីរបស់ពួកគាត់ រីឯខាងភាគីក្រុមហ៊ុនបានចោទប្រកាន់ថា អ្នកភូមិរារាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដោយដីធ្លីនេះក្រុមហ៊ុនបានទិញពីអ្នកភូមិរួចហើយ និងមួយផ្នែកទៀតទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ។ សំណុំរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះបានបន្តទៅដល់សមត្ថកិច្ចរបស់ស្ថាប័នតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងទៀតផង ។
ដោយសារក្រុមអ្នកភូមិមួយចំនួនមិនអាចស៊ូទ្រាំតតាំងរឿងក្តីជាមួយលោកជំទាវ ជា ខេង ត្រូវជាភរិយារបស់ឯកឧត្តម ស៊ុយ សែម នៅស្ថាប័នតុលាការតទៅទៀតនោះ មានអ្នកភូមិជាច្រើនគ្រួសារបានសុខចិត្តទទួលយកគោលនយោបាយខ្លះៗពីលោកជំទាវ ជា ខេង ប៉ុន្តែនៅសល់ក្រុមអ្នកភូមិចំនួនប្រមាណ១៦គ្រួសារទៀត ដែលតំណាងដោយអ្នកស្រី អ៊ុំ សុភី មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ខណៈដែលអ្នកស្រី អ៊ុំ សុភី អតីតជាគ្រូបង្រៀន ត្រូវបានគេបញ្ឈប់ពីការងារគ្រូបង្រៀននៅឆ្នាំ២០០៩ ដោយសារតែអ្នកគ្រូរូបនេះហ៊ានចេញមុខតវ៉ាជាមួយក្រុមហ៊ុន KDC International របស់លោកជំទាវ ជា ខេង ។
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ខាងភាគីក្រុមហ៊ុន KDC International បានបង្គាប់ឲ្យកម្មករធ្វើរបងព័ទ្ធដីជម្លោះ បណ្តាលឲ្យកើតមានការប្រឈមមុខដាក់គ្នាក្នុងអំពើហិង្សារវាងកម្មករក្រុមហ៊ុន និងក្រុមអ្នកភូមិ ។ លើសពីនេះទៀត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ កងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះអនុវត្តន៍ដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី ជាតំណាងរបស់អ្នកភូមិ ប៉ុន្តែត្រូវបានក្រុមអ្នកភូមិចេញមុខរារាំងយ៉ាងពុះកញ្ជ្រោល ធ្វើឲ្យកងកម្លាំងសមត្ថកិច្ចបានដកថយមួយរយៈវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ដោយសារករណីទំនាស់ដីធ្លីនេះបានកើតឡើងរវាងក្រុមហ៊ុនមានម្ចាស់ជាអ្នកមានលុយ និងមានអំណាច ជាមួយក្រុមប្រជាជនជាអ្នកភូមិក្រីក្រ ដូច្នេះស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នតុលាការគប្បីបើកការអង្កេតស្រាវជ្រាវលើករណីនេះឲ្យបានច្បាស់លាស់ ទើបអាចផ្តល់យុត្តិធម៌ដល់គូភាគីក្នុងជម្លោះបាន បើពុំដូច្នោះទេ នៅព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺសឹងតែទូទៅ អ្នកក្រីក្រសម្រាប់តែចាញ់ក្តីអ្នកមានលុយ និងអ្នកមានអំណាចប៉ុណ្ណោះ ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋាននានាបានលើកឡើងថា លោកជំទាវ ជា ខេង ថៅកែក្រុមហ៊ុន KDC International និងជាភរិយាឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាននិងកំពុងល្បីឈ្មោះព្រោះពាក់ព័ន្ធករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រហូតមកទល់បច្ចុប្បន្ននេះ ៕
Source from: www.dtn7.com

Loading...
Loading...