និស្សិតប្រុសឆ្នាំទី១ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនិស្សិតស្រីឆ្នាំទី៣ជិះកង់
កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចមហាវិថីព្រះមុនីរ៉េត កែងផ្លូវលេខ៣២៨ ឋិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានហេតុការណ៍ចោរធ្វើសកម្មភាពឆក់កាបូបស្ត្រីវ័យក្មេងម្នាក់ បណ្តាលឲ្យផ្អើលដល់សមត្ថកិច្ចដែលប្រចាំការនៅគោលដៅក្បែរនោះ បង្កដោយយុវជន២នាក់ជិះទោចក្រយានយន្តមួយគ្រឿងម៉ាក Step ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AF-4872 ទៅលើស្ត្រីវ័យក្មេងម្នាក់កំពុងជិះទោចក្រយានម្នាក់ឯងឆ្ពោះទៅសាលារៀន ខណៈដែលជនសង្ស័យធ្វើសកម្មភាពឆក់កាបូបទាំង២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ចោរឆក់កាបូបទាំង២នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះ គឺមានឈ្មោះ ហង់ សុភក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ ចិន ឡេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨Eo ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកស្ត្រីវ័យក្មេងរងគ្រោះមានឈ្មោះ សុគន្ធ ថាវរី អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្វើដំណើរដិះកង់ ដោយដាក់លុយខ្មែរចំនួន៣២៨.០០០រៀល ប្រាក់ដុល្លារអាមេរិកចំនួន១៥០ដុល្លារ និងលុយកាណាដាចំនួន៥០ដុល្លារថែមទៀតក្នុងកាបូប ដើម្បីយកទៅបង់ថ្លៃសាលារៀន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានឲ្យដឹងដែរថា មុនពេលកើតហេតុ គេបានឃើញនារីជាជនរងគ្រោះបានជិះកង់ម្នាក់ឯងទៅសាលារៀន ។ លុះមកដល់ចំណុចកើតហេតុ នៅភោជនីយដ្ឋាន ឡា ទីហ្វុង តាមបណ្តោយផ្លូវលេខ១៧៣ ស្រាប់តែជនសង្ស័យជិះម៉ូតូមកក្បែរ រួចធ្វើសកម្មភាពឆក់កាបូបរបស់នាងតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទាក់ចាប់ជនសង្ស័យបានទាំង២នាក់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ដោយឡែក កាបូបនិងលុយកាក់របស់នារីរងគ្រោះដែលត្រូវនិស្សិត ធ្វើចោរឆក់យកនោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅជនរងគ្រោះវិញហើយ ដោយគ្មានការបាត់បង់ទេ។
នេះគឺជារូបភាពមួយដែលបង្ហាញឲ្យឃើញថា ធនធានមនុស្សដែលបណ្តុះបណ្តាលនៅថ្នាក់សាកលវិទ្យាល័យទៅហើយ បែរជាមានបុគ្គលជានិស្សិតមួយចំនួនធ្វើជាចោរឆក់កាបូបទៅវិញ ហើយករណីនេះទៀតសោត និស្សិតសាកលវិទ្យាល័យតែមួយដែលធ្វើចោរឆក់កាបូបប៉ះចំនិស្សិតស្រីសិក្សានៅសាកលវិទ្យាល័យតែមួយតែម្តង ៕
Source from: www.dtn7.com

Loading...
Loading...