រថយន្តទំនើប Lexus 470 របស់មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមាចងកំហឹងនឹងលំនៅឋានអធិការរងស្រុកអូររាំង
រថយន្តទំនើបម៉ាក Lexus 470 ពណ៌ខ្មៅមួយគ្រឿង បើកបរដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមាម្នាក់ បានបោះពួយយ៉ាងលឿនជ្រុលទៅបុកលំនៅឋានលោកអធិការរងនគរបាលស្រុកអូររាំងយ៉ាងពេញទំហឹង គួរឲ្យព្រឺឆ្អឹងខ្នង កាលពីវេលាម៉ោង១៩និងល្ងាច នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ត្រង់ចំណុចផ្លូវកែងបំបែកឆ្ពោះទៅប្រទេសវៀតណាម ឋិតនៅភូមិអូររណារ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលឲ្យខូចខាតអស់រថយន្តចំនួន២គ្រឿង ទោចក្រយានយន្ត២គ្រឿង និងក្មេងស្រីម្នាក់រងរបួស ព្រមទាំងខូចខាតសម្ភារៈមួយចំនួនទៀត ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមា ដែលបើកបររថយន្តទំនើបម៉ាក Lexus 470 ជ្រុលទៅបុកលំនៅឋានអ្នកដទៃទាំងកំរោលនោះ មានឈ្មោះ សិទ្ធិ ចន្ធី ។ រីឯលោកអធិការរងនគរបាលស្រុកអូររាំង ដែលលំនៅឋានរបស់គាត់ត្រូវបានរថយន្តសមត្ថកិច្ចដូចគ្នាបុកពេញទំហឹងនោះ មានឈ្មោះ ឈុន ពេជ្រ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ លោក ឈុន ពេជ្រ អធិការរងនគរបាលស្រុកអូររាំង និងក្រុមគ្រួសារ កំពុងរៀបចំទទួលទានបាយពេលល្ងាចនៅក្នុងផ្ទះ ស្រាប់តែមានរថយន្ត Lexus មួយគ្រឿង បើកបរដោយលោក សិទ្ធិ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមា ក្នុងល្បឿនយ៉ាងលឿន និងរេពេញផ្លូវ ទំនងជាទើបចេញពីច្រៀងខារ៉ាអូខេ ហើយឋិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំផង បានជ្រុលបុកចូលទៅក្នុងផ្ទះលោក ឈុន ពេជ្រ ពេញទំហឹងគួរឲ្យស្រៀវឆ្អឹងខ្នង បណ្តាលឲ្យរថយន្តចំនួន២គ្រឿង ទោចក្រយានយន្ត២គ្រឿង និងសម្ភារៈក្នុងផ្ទះមួយចំនួនរបស់លោក ឈុន ពេជ្រ ទទួលរងការខូចខាត និងក្មេងស្រីជាសមាជិកក្នុងគ្រួសាររបស់លោកម្នាក់រងរបួសស្រាល ។ ដោយឡែក រថយន្ត Lexus 470 របស់លោក សិទ្ធិ ចន្ធី ដែលជារថយន្តបង្កនោះ ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នារិះគន់ថា ក្នុងនាមជាសមត្ថកិច្ចនគរបាលយុត្តិធម៌ មានមុខតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកទាំងមូល បែរជាផឹកស្រាស្រវឹងបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកលំនៅឋានអ្នកដទៃដូចនេះទៅវិញ គឺមិនស័ក្តិសមជាមន្ត្រីធ្វើគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងទៀត តើទៅណែនាំអប់រំនរណាគេស្តាប់ បើខ្លួនឯងជាសមត្ថកិច្ចផឹកស្រាស្រវឹងបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍របៀបដូច្នេះទៅហើយនោះ ៕
Source from: www.dtn7.com

Loading...
Loading...