មូលហេតុនៃការធ្លាក់យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH17 គឺក្រុមបះបោរគាំទ្រដោយរុស្ស៊ីបាញ់ច្រឡំដោយចាញ់បញ្ឆោតកងទ័ពអ៊ុយក្រែន
មូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH17 ចេញពីទីក្រុង Amsterdam ប្រទេសហូល្លង់ ឆ្ពោះទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី សម្លាប់មនុស្សចម្រុះជាតិសាសន៍ក្នុងយន្តហោះចំនួន២៩៨នាក់ ក្នុងនោះមានកុមារជាង១០០នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងទឹកដីអ៊ុយក្រែន ជាប់ព្រំដែនប្រទេសរុស្ស៊ីកន្លងទៅដ៏គួរឲ្យសោកសៅនោះ គឺដោយសារស្នាដៃរបស់ក្រុមឧទ្ទាមបះបោរផ្តាច់ទឹកដីពីអ៊ុយក្រែនគាំទ្រដោយរុស្ស៊ីជាអ្នកប្រើមីស៊ីលប្រភេទ Buk បាញ់ច្រឡំ ដ្បិតចាញ់អន្ទាក់បញ្ឆោតរបស់ទាហានប្រទេសអ៊ុយក្រែន ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ លោក Alexander Khodakovsky មេបញ្ជាការកងពល VOSTOK របស់ក្រុមបះបោរផ្តាច់ខ្លួនពីអ៊ុយក្រែន គាំទ្រដោយរុស្ស៊ី បានចេញមុខផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ថា កងកម្លាំងបះបោរមានប្រព័ន្ធមីស៊ីលប្រភេទ Buk នាំចូលពីប្រទេសរុស្ស៊ី បានបាញ់ច្រឡំទៅលើយន្តហោះដឹកអ្នកដំណើរនោះ ដោយចាញ់អន្ទាក់បញ្ឆោតការប្រើយន្តហោះរបស់កងកម្លាំងទាហានអ៊ុយក្រែនហោះចុះហោះឡើង បំណងវាយប្រហារតាមដែនអាកាសមកលើតំបន់ក្រុមបះបោរដែលមានមីស៊ីល Buk ចៃដន្យព្រមគ្នាមានយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីឆ្លងកាត់ ក៏បាញ់ច្រឡំចំដោយអចេតនាបែបនេះតែម្តង ។
លោក Alexander Khodakovsky បានប្រាប់ Reuters ទៀតថា ក្រោយការបាញ់ទម្លាក់ចំយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីរួចហើយ ក្រុបបះបោរក៏បានចាត់បញ្ជូនមីស៊ីល Buk ទៅឲ្យរុស្ស៊ីវិញយ៉ាងប្រញាប់ប្រញាល់ដើម្បីបំបាត់ព័ស្តុតាង ។
ការចេញមុខបកស្រាយរបស់ក្រុមបះបោរបំបែករដ្ឋពីអ៊ុយក្រែនគាំទ្រដោយរុស្ស៊ី គឺដូចគ្នាទៅនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ីថា បានបញ្ជូនមីស៊ីលជួយដល់ក្រុមបះបោរអ៊ុយក្រែន ហើយក៏ស្របគ្នាទៅនឹងមន្ត្រីចារកម្មអាមេរិកបញ្ជាក់ថា ក្រុមទាហានបះបោរមានការយល់ច្រឡំ ទើបបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលហោះឆ្លងកាត់ដែនអាកាសនៅតំបន់នោះ ។
សហភាពអឺរ៉ុបបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ចូលរួមរក្សាការពារតំបន់ធ្លាក់យន្តហោះឲ្យនៅដដែល និងជៀសវាងអំពើបំផ្លិចបំផ្លាញបន្ថែម ឬធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពដើមថែមទៀត ។ លើសពីនេះ សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ដែរថា ទោះដោយផ្ទាល់ក្តី ទោះដោយប្រយោលក្តី ត្រូវតែមានអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH17 ដែលសម្លាប់មនុស្សអស់ជិត៣០០នាក់នេះ និងក៏តម្រូវឲ្យមានការកាត់ទោសទៅតាមច្បាប់ជាធរមាន ៕
Source from: www.dtn7.com

Loading...
Loading...