យុវជន៧នាក់ទទួលរងការប្តឹងចោទប្រកាន់ថា ហែករបងស័ង្កសីលួចមើលកូនក្រមុំគេងូតទឹក
អាចចាត់ទុកថាជាបណ្តឹងគួរឲ្យភ្ញាក់ផ្អើលមួយ និងក៏ជាបណ្តឹងកម្រមានដែរ នៅពេលដែលយុវជនរហូតដល់ទៅចំនួន៧នាក់ ត្រូវបានបុរសចំណាស់អាយុ៧១ឆ្នាំម្នាក់ត្រូវជាឪពុករបស់កូនក្រមុំប្តឹងចោទប្រកាន់យុវជនទាំងនោះពីបទ ហែករបងស័ង្កសីដើម្បីលួចមើលកូនក្រមុំគេងូតទឹក ។
ក្រុមយុវជនទាំង៧នាក់ដែលទទួលរងការប្តឹងចោទប្រកាន់ទៅសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ពីបទហែករបងស័ង្កសីលួចមើលកូនក្រមុំគេងូតទឹក មានឈ្មោះ សោ បានហៀង អាយុ៧១ឆ្នាំ ជាឪពុកខាងភាគីកូនក្រមុំ ជាដើមបណ្តឹងនោះ គឺជាកម្មករសំណង់ ស្នាក់នៅក្នុងទីតាំងលក់គ្រឿងសំណង់មួយកន្លែងយីហោ សុខ ប៉ោសាយ ឋិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានឈ្មោះ ដូចតទៅ ៖ ១-អ៊ន ស៊ីម៉ន អាយុ៣៣ឆ្នាំ, ២-ជី វណ្ណៈ អាយុ៣០ឆ្នាំ, វិចិត្រ អាយុ៣០ឆ្នាំ, ៤-ថន ឧត្តម អាយុ២៨ឆ្នាំ, ៥-ង៉ែត វិឆ័យ អាយុ២៧ឆ្នាំ, ៦-សិលា អាយុ២៥ឆ្នាំ និង៧-អ៊ន ស៊ីណន អាយុ២០ឆ្នាំ ។
នៅចំពោះសមត្ថកិច្ចនគរបាល ក្រុមយុវជនជាកម្មករសំណង់ទាំង៧នាក់នោះ បានឆ្លើយបំភ្លឺព្រមៗគ្នានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះថា ពួកគេមិនបានប្រព្រឹត្តផ្តេសផ្តាសដូចការប្តឹងចោទប្រកាន់នោះទេ ដ្បិតពួកគេរវល់ធ្វើការងារណាស់ គ្មានពេលវេលាលួចមើលកូនក្រមុំអ្នកក្បែរខាងជាប់របងងូតទឹកឡើយ ហើយជញ្ជាំងស័ង្កសីដែលរបើកនោះ គឺខាងភាគីដើមបណ្តឹងជាអ្នករុញឲ្យរបើកខ្លួនឯង បែរជាមកប្តឹងពួកគេថា លួចហែករបងស័ង្កសីមើលលូនក្រមុំខ្លួនងូតទឹក និងធ្វើសញ្ញាញាក់ភ្នែកក្នុងបំណងញ៉ែកូនក្រមុំខ្លួនទៅវិញ ។
ដោយឡែក ម្ចាស់ទីតាំងលក់គ្រឿងសំណង់ឋិតនៅជាប់របងនឹងភាគីដើមបណ្តឹងនោះ បានឆ្លើយអះអាងក្នុងបំណងជួយការពារកម្មកររបស់ខ្លួនថា កម្មកររបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ រីឯរបងស័ង្កសីដែលរបើកបន្តិចនោះ គឺភាគីដើមបណ្តឹងជាអ្នករុញដោយខ្លួនឯង ។ ករណីនេះលោកនឹងប្តឹងបកវិញ ដើម្បីផ្តល់យុត្តិធម៌ឲ្យក្រុមកម្មកររបស់លោក ។
ទោះយ៉ាងណាក៏ដោយ ក្រោយការសាកសួររួចរាល់ហើយ ក្រុមយុវជនជាកម្មករសំណង់ទាំង៧នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលមិនធ្វើការឃាត់ខ្លួនអ្វីឡើយ ហើយបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកន្លែងបម្រើការងារវិញទាំងអស់គ្នា ៕
Source from: www.dtn7.com

Loading...
Loading...