ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសបុរសខ្លាំងនៅតែបន្តប្រព្រឹត្តកំហុសធ្ងន់ធ្ងរលើការប្រមាថស្តេច ប្រមាថឪពុកខ្លួនឯង និងក្លែងឋានន្តរស័ក្តិ
ទំនងជាគ្មាននរណាម្នាក់ទោះជានាយទាហានពាក់ផ្កាយ៤ នាយទាហានពាក់ផ្កាយ៣ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច និងត្រូវជាឪពុករបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ក៏ដោយ បានប្រាប់ឬក្រើនរំលឹកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទទួលបានការត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ពីព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី និងត្រូវជាឪពុក ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣រួចហើយទេមើលទៅ ទើបលោកឧត្តមសេនីយ៍យោធាវ័យក្មេងរូបនេះនៅតែបន្តពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ)នៅលើស្មាតទៅទៀតជាហូរហែ គិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ដែលបង្ហាញអំពីកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរលើការប្រមាថអង្គព្រះមហាក្សត្រ ប្រមាថនាយករដ្ឋមន្ត្រីជាឪពុកខ្លួនឯង និងក្លែងបន្លំឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ ។
ព័ស្តុតាងបានបង្ហាញថា នាឱកាសអញ្ជើញធ្វើជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពលទាហានថ្មីជំនាញការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានបង្គោល ព្រមទាំងសម្ពោធសមិទ្ធផលនានាក្នុងទីបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ លោកឧត្តមសេនីយ៍វ័យក្មេង ហ៊ុន ម៉ាណែត អាយុ៣៦ឆ្នាំ បានពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ)នៅលើស្មា ខណៈដែលនៅលើស្លាកវេទិកាកិត្តិយសអ្នករៀបចំសរសេរថា "ឧត្តមសេនីយ៍ឯក" គេហទំព័រសារព័ត៌មានកម្ពុជាថ្មីរបស់លោកស្រី ហ៊ុន ម៉ាណា ជាប្អូនស្រីរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានហៅថា "ឧត្តមសេនីយ៍ឯក" និងជាពិសេសទៅទៀត ខណៈដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រួចហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។
តាមរយៈការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត(www.dtn7.com) ដែលបានរិះគន់ស្ថាបនា ក្រើនរំលឹកជាសាធារណៈដល់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលតែងតែប្រើប្រាស់ឯកសណ្ឋានជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ដោយពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ) ខណៈដែលព្រះមហាក្សត្របានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ជូនលោកឧត្តមសេនីយ៍រូបនេះតាំងពីពាក់កណ្តាលឆ្នាំ២០១៣រួចហើយនោះ ត្រូវបានក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជា បានរិះគន់មកលើការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតវិញថា "ចេះតែចុះផ្សាយផ្តេសផ្តាស ការណ៍ដែលឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពាក់ផ្កាយ២ មកពីមិនទាន់បានធ្វើពិធីបំពាក់ផ្កាយ៣ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯករួចមក" ។ តាមពិត ការរិះគន់របស់ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជាមកលើការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតដូច្នេះ ដោយភ្លេចគិតពិចារណាឲ្យបានល្អិតល្អន់ថា តើអាចសមហេតុសមផលដែរឬទេ នៅពេលដែលព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី និងត្រូវជាឪពុករបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ហើយរហូតមកទល់នឹងឆ្នាំ២០១៤ បែរជាមិនទាន់បានធ្វើពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ទោះពិធីត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់បុរសខ្លាំងក្តី ឬក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់បុរសខ្លាំងក្តី ក៏ដោយនោះ ?
ដូច្នេះ ទោះក្នុងហេតុផលយ៉ាងណាក៏ដោយ ក៏ត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការរិះគន់ថា អំពើរបស់លោកឧត្តមសេនីយ៍យោធា ហ៊ុន ម៉ាណែត ប្រើប្រាស់ឯកសណ្ឋាននាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដោយពាក់ផ្កាយ២ ខណៈដែលព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ដំឡើងឋានន្តរស័ក្តិថ្នាក់ផ្កាយ៣ជូនលោកឧត្តមសេនីយ៍រូបនេះតាំងពីពាក់កណ្តាលឆ្នាំ២០១៣រូចហើយនោះ គឺជាការប្រព្រឹត្តកំហុសធ្ងន់ធ្ងរលើការប្រមាថអង្គព្រះមហាក្សត្រ ប្រមាថលើឪពុកខ្លួនឯងជានាយករដ្ឋមន្ត្រី និងក្លែងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ថែមទៀត ដែលទាមទារឲ្យលោកឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរូបនេះធ្វើការពិចារណាប្រកបដោយគតិបណ្ឌិតឡើងវិញ ដ្បិតបើរង់ចាំការក្រើនរំលឹកពីក្រុមមន្ត្រីហែហមដង្ហែគាំទ្រមួយចំនួននោះ គឺពួកគេចេះតែក្បាច់គុន"ហៃអើៗ"ប៉ុណ្ណោះ ទោះបីក្រុមមន្ត្រីទាំងនោះពាក់ផ្កាយ៣ក៏ដោយ ក៏សុខចិត្តសំងំស្ងៀមអង្គុយនៅពីក្រោយគណៈអធិបតីដែលជាឧត្តមសេនីយ៍ពាក់ផ្កាយ២ភ័ន្តច្រឡំដែរ ។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នអាយុ៣៦ឆ្នាំ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ត្រូវជាកូនប្រុសច្បងរបស់បុរសខ្លាំង ធ្លាប់ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ក្របខ័ណ្ឌនាយអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៦៩ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ និងត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១០/៩២១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ហើយចុងក្រោយត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។
បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯកវ័យក្មេង ហ៊ុន ម៉ាណែត បាននិងកំពុងកាន់កាប់មុខតំណែងជាច្រើន រួមមាន ៖ ១-នាយរងសេនាធិការចម្រុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ២-មេបញ្ជាការរងកងទ័ពជើងគោក, ៣-មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និង៤-ជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៕
Source from: www.dtn7.com

Loading...
Loading...