ល្បីថាលោកអភិបាលស្រុកបុរីជលសាបង្កើតទីតាំងផលិតថ្នាំពុលកសិកម្មខុសច្បាប់នៅខេត្តតាកែវ
ប្រភពព័ត៌មានពីមន្ត្រីក្រោមឱវាទសាលាស្រុកបុរីជលសា ខេត្តតាកែវ បានប្រាប់ឲ្យដឹងថា លោក ស៊ុត ខុន អភិបាលនៃគណៈអភិបាលស្រុកបុរីជលសា បានលួចបង្កើតទីតាំងផលិតថ្នាំពុលកសិកម្ម(ដូចជា ថ្នាំសម្លាប់សត្វល្អិត, ថ្នាំប៉ូវស្រូវ,ថ្នាំបាញ់ស្មៅ…) ខុសច្បាប់មួយកន្លែងឋិតនៅកំពង់ទូកកំពង់អំពិល ជាប់នឹងការិយាល័យពន្ធដារស្រុកបុរីជលសា ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានជួលជនជាតិយួនមានជំនាញខាងផលិត-លាយថ្នាំពុលកសិកម្មគ្រប់ប្រភេទចំនួន៣នាក់ ប្រើប្រាស់វត្ថុធាតុដើមនាំចូលពីប្រទេសវៀតណាម ដើម្បីវេចខ្ចប់ និងចែកចាយលក់បន្តនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដោយសេរី អាចកើបប្រាក់បានរាប់ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំៗ ។
ព័ត៌មានបានបន្ថែមឲ្យដឹងទៀតថា កន្លងមក មានមន្ត្រីជំនាញធ្លាប់ចុះទៅត្រួតពិនិត្យទីតាំងផលិត-លាយថ្នាំពុលកសិកម្មរបស់លោក ស៊ុត ខុន ជាអភិបាលស្រុកបុរីជលសានោះខ្លះៗដែរ ប៉ុន្តែក្រុមមន្ត្រីចុះយកតែលុយ រួចហើយត្រឡប់ទៅវិញបាត់ ។
លោក សន ថា ប្រធានការិយាល័យកសិកម្មស្រុកបុរីជលសា បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ទីតាំងផលិតថ្នាំពុលកសិកម្មរបស់លោកអភិបាលស្រុកបុរីជលសានោះ មានច្បាប់អនុញ្ញាត តែមិនទាន់គ្រប់គ្រាន់ពេញលក្ខណៈ ដោយលោក សៅ សំអុល ប្រធានការិយាល័យនីតិកម្មនិងកសិកម្មជាអ្នកអនុញ្ញាត ។
លោក សៅ សំអុល មិនអាចទំនាក់ទំនងសុំការបំភ្លឺបញ្ជាក់បាននៅឡើយទេកាលពីថ្ងៃម្សិលមិញ ពីព្រោះទូរស័ព្ទរបស់លោកបានបិទ ។ ប៉ុន្តែលោក ញឹប ស្រ៊ាន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងភូមិសាស្ត្រខេត្តតាកែវគ្មានការផលិតថ្នាំពុលកសិកម្មអ្វីឡើយ ពីព្រោះគ្មានច្បាប់អនុញ្ញាត រួមទាំងពីតាំងផលិត-លាយថ្នាំពុលកសិកម្មរបស់លោកអភិបាលស្រុកបុរីជលសានោះផង ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ប្រសិនបើទីតាំងផលិតថ្នាំពុលកសិកម្មនោះគ្មានច្បាប់អនុញ្ញាតប្រាកដមែន សាលាខេត្តនឹងពិភាក្សាជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចុះទៅត្រួតពិនិត្យដល់កន្លែង ហើយធ្វើការរឹបអូស និងបិទទីតាំងចោលតែម្តង ។
ករណីបង្កើតទីតាំងផលិតថ្នាំពុលកសិកម្មរបស់លោកអភិបាលស្រុកបុរីជលសា ដែលគ្មានច្បាប់អនុញ្ញាត ព្រមទាំងអាចរំលោភបំពានទៅលើមាត្រា៣៥នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាផងនោះ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ស៊ុត ខុន អភិបាលនៃគណៈអភិបាលស្រុកបុរីជលសាបាននៅឡើយទេ ត្រឹមវេលាព្រឹកនាថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ។
លោក ស៊ុត ខុន ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១០ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកបុរីជលសា ខេត្តតាកែវ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៩អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ ៕
Source from: www.dtn7.com

Loading...
Loading...