អង្គការសង្គមស៊ីវិលនិងអ្នកតវ៉ាកប់យោបល់ចំពោះគណបក្សកាន់អំណាចរបស់បុរសខ្លាំងដែលមានះអនុម័តច្បាប់សំខាន់ៗ៣ពាក់ព័ន្ធស្ថាប័នតុលាការ
ចាប់តាំងពីដំណាក់កាលរាជរដ្ឋាភិបាលជាស្ថាប័ននីតិប្រតិបត្តិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ធ្វើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ទាក់ទងនឹងស្ថាប័នតុលាការ គឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការ, ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រហូតដល់ដំណាក់កាលប្រជុំអនុម័តនៅរដ្ឋសភា ដំណាក់កាលពិនិត្យលើទម្រង់ និងគតិច្បាប់នៅព្រឹទ្ធសភា ដំណាក់កាលពិនិត្យ និងសម្រេចនៅក្រុមប្រឹក្សាធម្មនុញ្ញ និងដំណាក់កាលចុងក្រោយ ត្រូវព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខានៅលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ទាំង៣ គឺត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកតវ៉ាឯទៀតស្នើសុំបង្អង់ឲ្យមានការពិចារណាបានល្អិតល្អន់ទៅលើច្បាប់ទាំងនេះឡើងវិញ ។ ប៉ុន្តែការស្នើសុំនោះមិនទទួលបានលទ្ធផលអ្វីទេ ដ្បិតទាំងសភាគណបក្សប្រជាជនកម្ពុជា ទាំងព្រឹទ្ធសភា ទាំងក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងព្រះមហាក្សត្រ បានមានះអនុម័ត សម្រេច និងឡាយព្រះហស្តលេខានៅលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់យ៉ាងរលូន ធ្វើឲ្យម្ចាស់សំណើកប់យោបល់រកពាក្យថ្លាថែ្លងនិយាយមិនចេញតែម្តង ។
ច្បាប់ស្តីពីការរៀបចំអង្គការតុលាការដែលមាន៨ជំពូក និង៩១មាត្រា ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤, ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាដែលមាន៦ជំពូក និង១១១មាត្រា ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមាន៦ជំពូក និង៣១មាត្រានោះ ក៏ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាឲ្យប្រើរួចហើយដែរ ដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ។
ច្បាប់ទាំង៣ដែលពាក់ព័ន្ធនឹងស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជានេះ បានចូលជាធរមានអនុវត្តន៍រួចហើយ ស្របតាមមាត្រា៩៣ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា វៀរលែងតែមាត្រា៩០នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងមាត្រា១១០ ដែលចែងអំពីបទប្បញ្ញត្តិនៃមាត្រា៤៩ និងមាត្រា៩៥នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា គឺត្រូវការរយៈពេល៥ឆ្នាំដើម្បីអនុវត្តន៍ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ក្នុងការរៀបចំបង្កើតច្បាប់អ្វីមួយដែលសំខាន់ ហើយមានសំណើត្រូវការពិនិត្យពិច័យ និងចូលរួមផ្តល់មតិឲ្យបានល្អិតល្អន់ជាមុនពីមជ្ឈដ្ឋាននានានោះ រាជរដ្ឋាភិបាលគួរតែបង្អង់ការអនុម័តច្បាប់ទាំងនោះសិន ក្នុងមួយរយៈពេលដ៏សមគួរ ដើម្បីទទួលយកមតិពីខាងក្រៅមកពិចារណា រួចហើយអាចដាក់បញ្ចូលនូវចំណុចណាដែលល្អចូលទៅក្នុងមាត្រានៃច្បាប់នោះ ជៀសវាងការតាក់តែងច្បាប់មានភាពខ្វះចន្លោះ ឬមិនបម្រើឲ្យផលប្រយោជន៍ជាតិ និងប្រជារាស្ត្របានពេញលេញ ។
ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា តាមទម្លាប់ និងរបៀបរបបធ្វើការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច គឺបើចង់ធ្វើអ្វីមួយហើយ គ្មានមជ្ឈដ្ឋានណាមកបង្អង់ បន្ទច់បង្អាក់បានឡើយ ទោះបីទាក់ទងនឹងការតាក់តែងច្បាប់ ឬអនុសញ្ញាសំខាន់ប៉ុនណាក៏ដោយ ។ ព័ស្តុតាងជាក់ស្តែងធ្លាប់បានបង្ហាញឲ្យឃើញរួចហើយ គឺទាក់ទងនឹងការចុះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋជាមួយប្រទេសវៀតណាម នាអំឡុងខែតុលា ឆ្នាំ២០០៥ ត្រូវបានមជ្ឈដ្ឋានជាច្រើនស្នើសុំឲ្យមានការបង្អង់ ឬពន្យារពេលសិន ដោយព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ប៉ុន្តែបុរសខ្លាំងមិនស្តាប់ឡើយ គឺមានះចុះសន្ធិសញ្ញានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយជាមួយប្រទេសវៀតណាមទាល់តែបាន ហើយងាកត្រឡប់មកចាប់អ្នកតវ៉ាស្នើសុំដាក់គុកថែមទៀត និងជំរុញឲ្យរដ្ឋសភាអនុម័ត ព្រឹទ្ធសភាយល់ស្របលើទម្រង់ និងគតិច្បាប់ ព្រមទាំងឲ្យព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ទុកជាការប្រញាប់បានសម្រេចយ៉ាងក្តៅគគុកទល់បច្ចុប្បន្ន ៕
Source from: www.dtn7.com

Loading...
Loading...