រយៈពេលត្រឹមតែ៧ថ្ងៃ បុរសខ្លាំងរងការរិះគន់យ៉ាងចាស់ដៃក្នុងសំណុំរឿងបុគ្គល ធាន វុទ្ធី និងគម្រោងប្រឡងបាក់ឌុបលើកទី២
ប្រជាពលរដ្ឋខ្មែរមិនតិចនាក់ឡើយបាននិងកំពុងសម្តែងនូវការស្រងាកចិត្ត និងខកបំណងចំពោះសម្តី និងការអនុវត្តជាក់ស្តែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពផ្ទុយគ្នាសឹង១៨០ដឺក្រេ ពោលគឺនិយាយផ្សេង តែធ្វើផ្សឹង មិនស័ក្តិសមជាសម្តី ឬអនុសាសន៍មាស-ពេជ្រក្នុងនាមជានាយករដ្ឋមន្ត្រីម្នាក់របស់ប្រទេសមួយទាល់តែសោះ ។ តួយ៉ាង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ បុរសខ្លាំងបានប្រកាសក្តែងៗឲ្យសមត្ថកិច្ចក្រោមឱវាទតាមចាប់ខ្លួន និងវាយខ្នោះទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី នៅវត្តទួលព្រះរាជា ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនប្រក្រតីក្នុងអំពើបោកប្រាស់ និងបំផ្លិចបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈដែលបុរសខ្លាំងធ្លាប់តែងតាំងជាព្រះគ្រូធម្មាចារ្យ និងបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាជូនបុគ្គលរូបនេះ កាលពីអំឡុងឆ្នាំ២០១០ ប៉ុន្តែក្រោយមកបុរសខ្លាំងបែរជាស្ងាត់មាត់ដូចគេចុកទៅវិញ នៅពេលដែលបុគ្គលឈ្មោះ ធាន វុទ្ធី ប្រព្រឹត្តកំហុសឆ្គងប៉ុនមហាមេឃ ត្រូវបានក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងគណៈអភិបាលខេត្តកណ្តាល អនុញ្ញាតឲ្យរួចផុតពីទោសទណ្ឌ ។
លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បុរសខ្លាំងក៏បានប្រកាសក្តែងៗមួយឈុតទៀត គឺអនុញ្ញាតឲ្យមានការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឡើងវិញជាលើកទី២ ចំពោះសិស្សជាបេក្ខជនដែលធ្លាក់ក្នុងការប្រឡងលើកទី១ បន្ទាប់ពីបុរសខ្លាំងទទួលបានព័ត៌មានថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៤ ក្រោមការរឹតបន្តឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញនូវលទ្ធផលធ្លាក់រហូតដល់ប្រមាណ៩០%នោះ ។
មជ្ឈដ្ឋានអ្នកតាមដានដំណើរការប្រឡងបាក់ឌុបឆ្នាំ២០១៤នេះ បានលើកឡើងថា ជាការពិតណាស់ មុននឹងក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន សហការគ្នាធ្វើការរឹតបន្តឹងការប្រឡង ដើម្បីធានាគុណភាពរកសិស្សដែលជាប់ពិតប្រាកដ ក្រោមប្រធានបទ"អ្នកចេះគឺជាប់" និងចាយវាយថវិកាជាតិអស់ទំហំប្រមាណ៤លានដុល្លារអាមេរិកនោះ គឺសុទ្ធតែបានឆ្លងការសម្រេចពីបុរសខ្លាំងជានាយករដ្ឋមន្ត្រីរួចហើយ ។ ឥឡូវ សិស្សជាបេក្ខជនប្រឡងអាចប្រឈមនឹងការធ្លាក់ច្រើនរហូតដល់ប្រមាណ៩០% ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីគុណភាពចំណេះដឹងរបស់សិស្សរៀនថ្នាក់ទី១២នាពេលបច្ចុប្បន្នពិតប្រាកដ ។ ដូច្នេះ ក្នុងស្ថានភាពបែបនេះ ហេតុអ្វីបុរសខ្លាំងត្រូវអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងលើកទី២ទៀត ដើម្បីស្រោចស្រង់ឲ្យមានសិស្សជាប់ច្រើនទៅវិញ ? ឬមួយការប្រឡងបាក់ឌុបក៏ត្រូវបានបុរសខ្លាំងយកមកធ្វើជាឧបករណ៍នយោបាយប្រជាភិថុតិដែរ "បើកភ្លើងខៀវឲ្យមន្ត្រីថ្នាក់ក្រោមរឹតបន្តឹងឲ្យមានសិស្សធ្លាក់ច្រើន រួចទើបចេញមុខប្រកាសរៀបចំឲ្យមានការប្រឡងលើកទី២ ស្រោចស្រង់ឲ្យសិស្សបានជាប់ច្រើនវិញ ដើម្បីទទួលបានប្រជាប្រិយភាព" ? ឬក៏បុរសខ្លាំងអនុវត្តន៍តាមយោបល់របស់អស់លោកជាទីប្រឹក្សាផ្ទាល់មួយចំនួនដែលជាថៅកែសាកលវិទ្យាល័យភាគច្រើនព្រួយបារម្ភខ្លាចក្រែងសាលាដួលរលំ ព្រោះគ្មានសិស្សចូលសិក្សា ?
ក្រុមមន្ត្រីរាជការចូលនិវត្តន៍ដែលធ្លាប់មានពិសោធន៍ខាងវិស័យអប់រំមួយចំនួន បានលើកជាយោបល់ថា ប្រសិនបើបុរសខ្លាំងមានះចង់ស្រោចស្រង់ឲ្យមានបរិមាណសិស្សបាក់ឌុបជាប់ច្រើននោះ មិនចាំបាច់រៀបចំប្រឡងលើកទី២ទេ នាំឲ្យខាតបង់ពេលវេលាផង ខាតបង់ថវិកាជាតិផង គឺអាចអនុវត្តន៍នីតិវិធីកាត់ខ្ទង់ពិន្ទុសិស្សជាបេក្ខជនទទួលបានតាមលេខរៀងពីលើចុះមកក្រោម រហូតដល់ការកំណត់ចង់បាននូវចំនួនអ្នកជាប់ទៅ វាជាការស្រេចបាត់ទៅហើយ ពីព្រោះបើទុកពេលវេលាឲ្យសិស្សរៀនបន្ថែមក្នុងរយៈពេលប្រមាណ១ខែទៀតដើម្បីត្រៀមប្រឡងលើកទី២ ក៏វាឥតប្រយោជន៍ដែរ ។
ក្រុមមន្ត្រីចូលនិវត្តន៍ដដែលបានលើកឡើងទៀតថា ការរៀបចំប្រឡងបាក់ឌុបលើកទី២ មិនត្រឹមតែធ្វើឲ្យខាតបង់ពេលវេលា ខាតបង់ថវិកាជាតិនោះទេ គឺធ្វើឲ្យឪពុកម្តាយ អាណាព្យាបាលសិស្ស និងសាមីខ្លួនសិស្សដែលខិតខំរៀនសូត្រសង្ឃឹមថានឹងប្រឡងជាប់ បែរជាអស់សង្ឃឹម បាក់ទឹកចិត្ត បន្ទាបបន្ថោកតម្លៃនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការដែលខិតខំបំពេញការងារនាពេលប្រឡងលើកទី១ ធ្វើឲ្យអ្នកគ្រូ លោកគ្រូ បុគ្គលិកសិក្សាបាត់បង់តម្លៃនៅចំពោះមុខសិស្សតទៅទៀត និងក្លាយជាទម្លាប់មហាសែនអាក្រក់នៅក្នុងសង្គមខ្មែរនាដំណាក់កាលចុងក្រោយនេះ ដែលតែងតែទុកឱកាសឲ្យអ្នកមានអំណាចធ្វើអ្វីៗតាមតែក្បាលចិត្តនឹកឃើញ ។
សរុបសេចក្តីមក ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃ បុរសខ្លាំងនៃកម្ពុជា បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃក្នុងសំណុំរឿងបុគ្គលឈ្មោះ ធាន វុទ្ធី ដ៏ក្តៅគគុក និងការរៀបចំគម្រោងប្រឡងបាក់ឌុបលើកទី២ ដើម្បីស្រោចស្រង់ឲ្យមានបរិមាណសិស្សជាប់ច្រើន បន្ទាប់ពីបានរឹតបន្តឹងនាពេលប្រឡងលើកទី១រួចមក ៕
Source from: www.dtn7.com

Loading...
Loading...