ឧកញ៉ា លី ប៉ោយូ ថៅកែកាស៊ីណូពិភពថ្មីគ្រោងប្តឹងកាសែតដែលចុះផ្សាយថាមានខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនេះ
ប្រភពព័ត៌មានពីអ្នកគ្រប់គ្រងកាសែតមួយចំនួនបានឲ្យដឹងថា លោកឧកញ៉ា លី ប៉ោយូ ដែលគេស្គាល់ថាជាថៅកែកាស៊ីណូមួយឈ្មោះ"ពិភពថ្មី" ឋិតនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀងនោះ មានគម្រោងប្តឹងកាសែតណាដែលចុះផ្សាយថា មានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូគាត់ ខណៈដែលមានសាក្សីខ្លះបានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរបានចូលលេងល្បែងក្នុងកាស៊ីណូពិភពថ្មីនេះជាហូរហែ រហូតមានបរិមាណពី៤០%ទៅ៦០% ទោះបីមានកងកម្លាំងសមត្ថកិច្ចឈរប្រចាំការនៅទីនោះក៏ដោយ ពីព្រោះសមត្ថកិច្ចបានទទួលផលប្រយោជន៍ពីម្ចាស់កាស៊ីណូ ទើបបិទភ្នែកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូតែម្តង ។
អ្នកស្រី សំ សានិត អាយុ៤៧ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បាននិយាយប្រាប់អ្នកកាសែតថា គាត់ធ្លាប់បានចូលលេងល្បែងក្នុងកាស៊ីណូពិភពថ្មីជាញឹកញាប់ ដ្បិតបនល្បែងកាស៊ីណូនេះបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរក្នុងការដាក់របស់របរបញ្ចាំ ដូចជា រថយន្ត ឬរបស់មានតម្លៃឯទៀត ដើម្បីបានលុយយកទៅលេងល្បែង ដោយមិនចាំបាច់មានឯកសារ ឬលិខិតស្នាមបញ្ជាក់ស្មុគស្មាញអ្វីឡើយ ។
យុវជន មាស ប៊ុន អាយុ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនៅមុខបរិវេណកាស៊ីណូពិភពថ្មី បាននិយាយឲ្យដឹងថា គាត់បានដឹកភ្ញៀវជាប្រជាពលរដ្ឋខ្មែរដែលមិនចូលលេងល្បែងក្នុងកាស៊ីណូពិភពថ្មីនេះ ក្នុងចំនួនច្រើនជាងភ្ញៀវបរទេស ។
តាមគោលការណ៍នៃការផ្តល់អាជ្ញាប័ណ្ណកាស៊ីណូដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ គឺមិនត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូទេ ប៉ុន្តែបើម្ចាស់កាស៊ីណូប្រព្រឹត្តល្មើស នឹងត្រូវមានវិធានការដកហូតអាជ្ញាប័ណ្ណ និងមានវិធានការតាមផ្លូវច្បាប់ផ្សេងទៀត ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា សក្តានុពលនៃបនល្បែងកាស៊ីណូនៅកម្ពុជា គឺការលាងលុយកខ្វក់ និងវត្តមានពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូតែម្តង ហើយបើរំពឹងទៅលើភ្ញៀវបរទេសចូលលេងល្បែងនោះ គឺអាជីវកម្មកាស៊ីណូនឹងដួលរលំមិនខាន ។
លោក លី ប៉ោយូ ដែលជាឈ្មួញដ៏មានឥទ្ធិពលនៅក្រុងបាវិត ខេត្តស្វាយរៀង និងជាថៅកែកាស៊ីណូពិភពថ្មីនោះ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៥៧ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៦ ។
គេហទំព័រសារព័ត៌មានដើមត្នោតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកឧកញ៉ា លី ប៉ោយូ ជាថៅកែកាស៊ីណូពិភពថ្មីនៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងលេចឮព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូពិភពថ្មីនេះនៅឡើយទេ ៕
Source from: www.dtn7.com

Loading...
Loading...