
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែកញ្ញានេះ បានចុះជួបសំណេះសំណាល និងផ្លាស់ប្ដូរយោបល់ ជាមួយប្រជាពលរដ្ឋប្រមាណជា១៥០០នាក់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្លែងក្នុងពីធីជួបជុំ ជាមួយប្រជាពលរដ្ឋ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានមានប្រសាសន៍ ថា ក្រោយពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួបរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិមក នៅស្រុកខ្សាច់កណ្ដាល គណបក្សសង្គ្រោះជាតិទទួលបានជោគជ័យយ៉ាងច្រើន។
សំលេងៈ
គួរបញ្ជាក់ ថា នៅក្នុងមណ្ឌលខេត្តកណ្ដាលទាំងមូល គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន៣៦៦,០៥៦ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា ចាប់ពីថ្ងៃចន្ទនេះទៅ គណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរហូតដល់ថ្ងៃធ្វើមហាបាតុកម្មលើកទី២ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។ គោលដៅ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជាពលរដ្ឋនោះ រួមមាន ខេត្តកណ្តាល ផ្សារអូឬស្សី នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងពោធិ៍សាត់ជាដើម។
គួរបន្ថែម ថា ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការមក គណបក្សសង្គ្រោះជាតិ បានប្រកាស ថា នឹងធ្វើមហាបាតុកម្មអហិង្សាលើកទី២ ដើម្បីសម្តែងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតនឹងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិ អាណត្តិទី៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ដែលជាលទ្ធផលបង្ហាញ ថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន៥៥ ប៉ុន្ដែលទ្ធផលនេះត្រូវបានគណបក្សសង្គ្រោះជាតិ មិនទទួលយកឡើយ៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm