
លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធានអនុប្រធានគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែកញ្ញានេះបានចុះជួបសំណេះសំណាលនិងផ្លាស់ប្ដូរយោបល់ជាមួយប្រជាពលរដ្ឋប្រមាណជា១៥០០នាក់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្លែងក្នុងពីធីជួបជុំជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានមានប្រសាសន៍ ថា ក្រោយពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួបរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិមក នៅស្រុកខ្សាច់កណ្ដាល គណបក្សសង្គ្រោះជាតិទទួលបានជោគជ័យយ៉ាងច្រើន។
សំលេងៈ
គួរបញ្ជាក់ថា នៅក្នុងមណ្ឌលខេត្តកណ្ដាលទាំងមូល គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន៣៦៦,០៥៦ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
នៅក្នុងសន្និសីទកាសែតកាសែតកាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា ចាប់ពីថ្ងៃចន្ទនេះទៅ គណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរហូតដល់ថ្ងៃធ្វើមហាបាតុកម្មលើកទី២ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។
គោលដៅដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងចុះជួបប្រជាពលរដ្ឋនោះរួមមានខេត្តកណ្តាល ផ្សារអូឬស្សី នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងពោធិ៍សាត់ជាដើម។
គួរបន្ថែមថា ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការមកគណបក្សសង្គ្រោះជាតិបានប្រកាសថា នឹងធ្វើមហាបាតុកម្មអហិង្សាលើកទី២។
ដើម្បីសម្តែងពីឆន្ទៈរបស់ប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតនឹងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិអាណត្តិទី៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ដែលជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន៥៥ ប៉ុន្ដែលទ្ធផលនេះត្រូវបានគណបក្សសង្គ្រោះជាតិមិនទទួលយកឡើយ៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm
No comments:
Post a Comment