
ការលួចចម្លងស្ទីលរាំ ទំនុកច្រៀង បទភ្លេង និងកាយវិការ…ពីបរទេសរបស់តារាខ្មែរក្នុងផលិតកម្មធំៗជាច្រើនបានក្លាយទៅជា វប្បធម៌ដ៏ពេញនិយម ពីព្រោះមិនបាច់ហត់នឿយនឹងការប្រឹងប្រែងផលិតស្នាដៃខ្លួនឯង។
តាមការកត់សម្គាល់បានបង្ហាញថា តារាខ្មែរល្បីៗមួយចំនួនទាំងសម្តែង ទាំងចម្រៀង ច្រើនលួចចម្លងស្នាដៃពីប្រទេសថៃនិងប្រទេសកូរ៉េ ហើយប្រទេសទាំងពីរនេះក៏ធ្លាប់បានបញ្ចេញប្រតិកម្មរិះគន់ទៅនឹងអំពើលួចចម្លងស្នាដៃរបស់គេពីសំណាក់តារាខ្មែរនិងផលិតកម្មខ្មែរនោះដែរ។
មជ្ឈដ្ឋានអ្នកគាំទ្រនិងស្រឡាញ់វិស័យសិល្បៈវប្បធម៌ខ្មែរបានលើកឡើងថា ល្មមដល់ពេលផលិតកម្មនានានិងតារាខ្មែរគ្រប់រូបចេះមានគំនិតផលិតចេញជាស្នាដៃខ្លួនឯងហើយ កុំចេះតែលួចចម្លងស្នាដៃរបស់គេដើម្បីកើបលុយទុកជាប្រយោជន៍ផ្ទាល់ខ្លួនពេក ពីព្រោះតម្លៃវប្បធម៌ជាតិនឹងបាត់បង់ហើយទទួលរងភាពអាម៉ាស់ដោយសារវប្បធម៌លួចចម្លងស្នាដៃគេនេះ។
សូមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាណត្តិថ្មីនេះ មេត្តាត្រួតពិនិត្យនិងមានវិធានការទៅលើករណីតារាខ្មែរនិងផលិតកម្មរបស់ខ្មែរដែលចូលចិត្តលួចចម្លងស្នាដៃរបស់បរទេសនោះផង ដើម្បីកុំឲ្យដូចពាក្យគេរិះគន់ថា «ទៅទីណា ខ្មាសគេនៅទីនោះ»តទៅទៀត៕
Source from: www.dtn7.com