
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់កាលពីវេលាម៉ោង ២២និង៤៥ នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយោងតាមដីកាលេខ ៣៤៩ដបចខ បង្គាប់ឲ្យចាប់ខ្លួន របស់លោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរ អមសាលាដំបូង ខេត្តបាត់ដំបងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ពីបទហិង្សាចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បុរសជាប់ចោទដែលត្រូវបាន ឃាត់ខ្លួនមានឈ្មោះ គង់ គៀត អាយុ ២១ ឆ្នាំ រស់នៅក្រុម៦ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សូមរំលឹកថា កាលពីម៉ោង ២០និង០០ នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំប មានករណីបង្កហិង្សាមួយ កើតឡើងបង្កដោយបុរស ៣ នាក់ឈ្មោះ ហ៊ាន ស៊ីណា អាយុ ២២ ឆ្នាំ ឈ្មោះ គង់ គៀត អាយុ ២១ ឆ្នាំនិងឈ្មោះ ហម គង់ អាយុ ៥៨ ឆ្នាំជាឪពុក បានព្រួតវាយឈ្មោះ យ៉ាំ ម៉ាប់ អាយុ ៣០ ឆ្នាំឲ្យរងរបួសធ្ងន់។
មុនដំបូងជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង តាមផ្លូវហើយជនសង្ស័យ ៣ នាក់ឪពុកនិងកូន បានស្រែកជេរជនរងគ្រោះ។ ក្រោយមកជនរងគ្រោះ បានជិះម៉ូតូមកសួរថា តើនរណាជាអ្នកស្រែកជេរខ្លួន ពេលនោះពួកគេឆ្លើយថា ពួកអញជាអ្នកជេរ ឆ្លើយបណ្តើរវាយជនរងគ្រោះបណ្តើរ ហើយរត់គេចខ្លួន ២ នាក់។ ក្រោយមកសមត្ថកិច្ច បានឃាត់ឈ្មោះ ហ៊ាន ស៊ីណា បញ្ជូនមកតុលាការ ហើយទើបតែម៉ោង ២២និង៤៥ នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ក៏ឃាត់ខ្លួនឈ្មោះ គង់ គៀត ម្នាក់ទៀត ដោយបានបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី៕
Source from: watphnom-news.com
No comments:
Post a Comment