
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់មិញ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ស្វាគមន៍ចំពោះការចាក់ផ្សាយនូវខ្សែអាត់ថតសំឡេងនៃកិច្ចពិភាក្សាចរចារវាងគណបក្សនយោបាយទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក ប៉ុន្តែសុំឲ្យមានការចាក់ផ្សាយនូវសំឡេងដើមទាំងស្រុងតែម្តង កុំឲ្យចាក់ផ្សាយតែមួយជ្រុងឬមួយចំណុចណានោះនាំឲ្យមានការភ័ន្តច្រឡំ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជានិងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការអះអាងប្រកបដោយសេចក្តីក្លាហានមិនចុះញ៉មរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលស្នើសុំឲ្យមានការចាក់ផ្សាយខ្សែអាត់ថតសំឡេងក្នុងកិច្ចប្រជុំចរចារវាងគណបក្សនយោបាយធំទាំងពីរនូវខ្លឹមសារទាំងស្រុងនោះ ដើម្បីបង្ហាញឲ្យឃើញការពិតថា តើ«សម្តេចតេជោសែន»ជាបុរសខ្លាំងចេះតែថាឲ្យឮ ឬក៏ឯកឧត្តម សម រង្ស៊ី ភូតភរអ្នកគាំទ្រទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត?
សូមរំលឹកជូនថា កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជាធ្លាប់បានព្រមានថា «ប្រសិនបើឯកឧត្តម សម រង្ស៊ី ធ្វើបាតុកម្ម សម្តេចនឹងបញ្ចេញខ្សែអាត់ថតសំឡេងកិច្ចប្រជុំចរចារវាងគណបក្សនយោបាយទាំងពីរបង្ហាញជាសាធារណៈ ពីព្រោះបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលែងមានន័យហើយ ដោយសារឯកឧត្តមសម រង្ស៊ី បានទទួលស្គាលលទ្ធផលបោះឆ្នោតនិងទទួលស្គាលសម្តេចជានាយករដ្ឋមន្ត្រីរួចទៅហើយ»។
ការព្រមានបែបនេះរបស់បុរសខ្លាំងនៃកម្ពុជា គឺបានកើតមានឡើងបន្ទាប់ពីឯកឧត្តម សម រង្ស៊ី បានថ្លែងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ក្នុងន័យព្រមានថា«ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនគោរពឆន្ទៈប្រជាពលរដ្ឋ ឯកឧត្តមនឹងអំពាវនាវឲ្យកម្មករ កម្មការិនី រោងចក្រ សហគ្រាស អាជីវករនិងមន្ត្រីរាជការឲ្យពួកគាត់កូដកម្មឈប់ធ្វើការមួយថ្ងៃ ហើយនឹងធ្វើបាតុកម្មទូទាំងប្រទេសដើម្បីទាមទាររកយុត្តិធម៌»។
នៅទីបំផុត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិបានប្រកាសថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ខាងមុខ នឹងធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យចាប់ពីវេលាម៉ោង១៥ដល់ម៉ោង១៦ល្ងាច ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃ២៣ តុលា ១៩៩១ តាមរយៈតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
សូមរង់ចាំតាមដានមើលតទៅទៀត តើបុរសខ្លាំងហ៊ានតាំងចិត្តក្លាហានធ្វើជា«អ្នកមែន»ចាក់ផ្សាយខ្សែអាត់ថតសំឡេងដែលធ្លាប់បានព្រមានលើគណបក្សសង្គ្រោះជាតិនោះទាំងស្រុងតាមការស្វាគមន៍របស់ឯកឧត្តមសម
រង្ស៊ី ដែរឬទេ?ឬក៏ត្រឹមតាំងខ្លួនជា«អ្នកលេង»លើឆាកនយោបាយកម្ពុជា?
ក្រុមអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាបានលើកឡើងថា រឿងរ៉ាវពាក់ព័ន្ធនឹងការចាក់ផ្សាយ ខ្សែអាត់ថតសំឡេងនៃកិច្ចប្រជុំរវាងគណបក្សនយោបាយទាំងពីរនេះ ប្រសិនបើបុរសខ្លាំងមិនហ៊ានចាក់ផ្សាយតាមការព្រមានទេនោះ គួរតែឯកឧត្តមសម រង្ស៊ី យកមកចាក់ផ្សាយជំនួសបុរសខ្លាំងវិញដើម្បីបំបាត់មន្ទិលសង្ស័យផងនិងដើម្បីបញ្ជាក់ថា«សម្តេចតេជោសែន»ក្លាហានបានតែថាដើរតួជា«អ្នកលេង»មិនមែនជា«អ្នកមែន»ផង៕
Source from: www.dtn7.com
No comments:
Post a Comment