
ខេត្តក្រចេះ ៖ រថយន្តដឹកដំឡូងមី និងរថយន្តដឹកកម្មករ របស់ក្រុមហ៊ុន រតនៈស្តោត បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៤និង២០ នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ ៧៦A ត្រង់ចំណុចគីឡូម៉ែត្រ លេខ៨៨ ក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យមនុស្សប្រុសស្រីជាង ១០ នាក់រងរបួសធ្ងន់និងស្រាល ។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េចំណុះ ២តោនកន្លះ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆៃ ធ្វើដំណើពីត្បូងទៅជើង ជារថយន្តរបស់ ក្រុមហ៊ុនចំការកៅស៊ូ រតនៈស្តោត ដឹកកម្មករមកពីព្រំដែន ទៅភ្ជុំបិណ្ឌនៅស្រុក លុះដល់ចំណុចផ្លូវកែង ក៏បានទៅបុកជាមួយ រថយន្តករ៉េ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ៣A ,០០៩៥ ដឹកដំឡូងមី បើកបរដោយឈ្មោះ ជិញ ញ៉ា បណ្តាលឲ្យមនុស្សដែលជិះលើរថយន្ត របួសធ្ងន់និងស្រាល ជាច្រើននាក់។
ក្នុងហេតុការណ៍នោះ អ្នកបើកបរក្រុមហ៊ុន ដឹកកម្មករបាក់ភ្លៅ កៀបជាប់ក្នុងរថយន្តហើយអ្នកផ្សេងទៀត របួសធ្ងន់ស្រាលជាង ១០ នាក់។ សមត្ថកិច្ចបានជួយ ទាញយកជនរងគ្រោះ ជាអ្នកបើកបរ ចេញពីរថយន្ត និងបានបញ្ជូនទៅ សង្ក្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។ រីឯរថយន្តបង្កទាំងពីរ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅ អធិការដ្ឋាននគបាល រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
Source from: watphnom-news.com
No comments:
Post a Comment