
ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានតុលាការសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ដោយចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា និងឆបោក បន្ទាប់ពីរូបគេ និងបក្ខពួកបានប្រើល្បិចបោកយកលុយពីបុរសម្នាក់អស់ជាង ៣.៥០០ដុល្លារសហរដ្ឋអាមេរិក ដោយប្រើល្បិចយក ថ្មស៊ីដែក ក្លែងក្លាយទៅលក់ឲ្យបុរសម្នាក់។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រី ដេត អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងឃុំដារ ស្រុកចិត្របុរី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចឃុំអូរគ្រៀង ស្រុកសំបូរ។ ចំណែកជនរងគ្រោះមានឈ្មោះ វ៉ាន់ ធី រស់នៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អង្គហេតុនៃសាច់រឿងនេះគឺកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ជនម្នាក់នេះនិងបក្សពួកបានយក ថ្មស៊ីដែកក្លែងក្លាយ ដែលគេចាត់ទុកថាជារបស់ស័ក្តិសិទ្ធិតាមអបិយជំនឿទៅលក់ឱ្យជនរងគ្រោះ ក្នុងតម្លៃ៥ពាន់ដុល្លារ តែជនរងគ្រោះបានប្រគល់ប្រាក់កក់ឱ្យ៣.៥០០ដុល្លារមុន ។ ក្រោយពីទទួលប្រាក់កក់រួច ជននេះនិងបក្សពួកមួយចំនួនទៀតក៏គេចខ្លួន ហើយជនរងគ្រោះប្រទះឃើញក៏ទារយកប្រាក់វិញ តែត្រូវជននេះនិងបក្សពួកមួយចំនួនទៀតព្រួតវាយបណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់បានម្នាក់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនយកទៅឃុំក្នុងពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការស៊ើបអង្កេតជាបន្តទៀត។ ចំណែកបក្ខពួកដែលនៅសល់ សមត្ថកិច្ចកំពុងតែធ្វើស្រាវជ្រាវចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source from: watphnom-news.com
No comments:
Post a Comment