
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅជិតក្លឹប ហ៊ីបហប ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពព្រួតគ្នាវាយបុរសម្នាក់ដែលជាមន្ត្រីប៉េអឹម ប្រចាំខណ្ឌប្ញស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុម សុយ៉ាន់ មានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថប្រចាំខណ្ឌប្ញស្សីកែវ បានរងរបួសធ្ងន់។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុយុវជនមួយក្រុមមានគ្នា៤នាក់ទើបនឹងចេញពីរាំនៅ ក្លឹបហ៊ីបហបបាននាំគ្នាទៅពួននៅកៀនរថយន្តមួយគ្រឿងដែលចតនៅចិញ្ចើមផ្លូវ ប៉ុន្តែមិនដឹងថាមានបំណងអ្វីនោះទេ។
ខណៈនោះជនរងគ្រោះ ក៏បានជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញយុវជនទាំង៤នាក់ពួននៅ កៀនរថយន្តគួរឱ្យសង្ស័យក៏បានឈប់ម៉ូតូចូលទៅអើតមើល ហើយលើកវិទ្យុទាក់ទងហៅសមត្ថកិច្ចមកជួយអន្តរាគមន៍ ស្រាប់តែជនទាំង៤នាក់ប្រដាប់ដោយដំបងប្រវែង១ម៉ែត្រព្រួតគ្នាវាយ សមត្ថកិច្ចបែកមួកសុវត្ថិភាពបណ្តាលរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ ពួកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញចាប់បាន២នាក់ ចំណែក២នាក់ទៀតបានរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួររកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ។ ចំណែកជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
Source from: watphnom-news.com