
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិសាស្ត្រភូមិចាក់ជ្រូក សង្កាត់ចាក់អង្រេក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយសារតែមានរថយន្តកាមរីឆ្លាមមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធៅ បណ្តាលឲ្យរងការខូច និងធ្វើឲ្យម្ចាស់រថយន្តរលាកពេញខ្លួនរងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់រថយន្តមានឈ្មោះ អឹម ភេទប្រុស អាយុ៣២ឆ្នាំ បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ចំណែកប្រពន្ធមានឈ្មោះ ផល្លា បានរងរបួសបន្តិចបន្តួច។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីជាប្រពន្ធយកចង្ក្រានហ្គាសទៅដាំបបរនៅជិតរថយន្ត ហើយបុរសជាប្តីបានយកសាំងមួយកានដើម្បីយកទៅចាក់រថយន្តរបស់ខ្លួន ខណៈនោះសាំងក៏បានឆាបឆេះជាមួយនឹងភ្លើងចង្ក្រានហ្គាស ទើបបង្កឲ្យមានការឆេះរថយន្តនិងបុរសជាម្ចាស់រថយន្តរងរបួសរលាកភ្លើងយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលនៅក្បែរខាងបាននាំគ្នាអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លើងនោះ និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករងរបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
Source from: watphnom-news.com