
វត្តមានរបស់លោក Andrew Cayley សហព្រះរាជអាជ្ញាអន្តរជាតិនៅសាលាក្តីខ្មែរក្រហម នឹងលែងមានតួនាទីបំពេញនៅក្នុងសាលាក្តីកូនកាត់មួយនេះទៀតហើយចាប់ពីថ្ងៃទី១៦កញ្ញាខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្ទាល់ខ្លួនរបស់លោក Andrew Cayley កាលពីព្រឹក ថ្ងៃទី០៩ កញ្ញានេះលោក Andrew Cayley បានបញ្ជាក់មូលហេតុដែលលោកត្រូវលែងឈប់ពីតំណែងនេះ គឺដោយសារតែបញ្ហាផ្ទាល់ខ្លូន។
ក្នុងសេចក្តីប្រកាស លោកAndrew Cayley បានបញ្ជាក់ថា"ខ្ញុំនឹងទៅរស់នៅជាមួយគ្រួសារខ្ញុំ ដែលបានត្រឡប់មកពីប្រទេសកម្ពុជាវិញ កាលពីខែមិថុនា ឆ្នាំ២០១៣។
តាមការរំពឹងទុកសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងជនជាតិអាមេរិកលោកNicholas Koumjianនឹងមកដល់ប្រទេសកម្ពុជានៅខែតុលា ឆ្នាំ២០១៣ខាងមុខ។
នៅក្នុងសេចក្តីប្រកាសដដែលសហព្រះរាជអាជ្ញាអន្តរជាតិរូបនេះ សូមថ្លែងអំណរគុណដល់លោកស្រី ជា លាង សហព្រះរាជអាជ្ញាជាតិ លោកយ៉េត ចរិយា សហព្រះរាជអាជ្ញារងជាតិនិងលោក William Smith សហព្រះរាជអាជ្ញារងអន្តរជាតិដែលបានផ្តល់បរិយាកាសការងារប្រកបដោយសហប្រតិបត្តិការ និងមិត្តភាពក្នុងពេលដែលពួកគាត់បានបំពេញការងារជាមួយគ្នា"។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍លោក Andrew Cayley ក៏បានជូនពរឲ្យតុលាការខ្មែរក្រហមឲ្យដំណើរការទៅមុខបានល្អ ហើយលោកពិតជាសង្ឃឹមថា បញ្ហាហិរញ្ញវត្ថុបន្ទាន់មួយចំនួនដែលតុលាការកំពុងប្រឈមមុខនឹងអាចដោះស្រាយបាន ដើម្បីឲ្យសំណុំរឿងបញ្ចប់បានត្រឹមត្រូវ និងតាមពេលវេលាសមស្រប។
គួរបញ្ជាក់ថា សហព្រះរាជអាជ្ញាអន្តរជាតិ លោក Andrew Cayley បានដាក់លិខិតលាលែងពីតំណែងជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិកាលពីខែសីហា ឆ្នាំ២០១៣។
លោកAndrew Cayley ជាជនជាតិអង់គ្លេសត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញាអន្តរជាតិនៅសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ដោយកាន់តំណែងជំនួសលោករ៉ូប៊ែ ពើទីត ជនជាតិកាណាដា ដែលបានលាលែងតំណែងចេញពីសាលាក្កីខ្មែរក្រហម៕(ដោយៈឆេង សូរិយា)
Source from: Vayofm
No comments:
Post a Comment