
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និងស្ត្រី២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលពួកគេកំពុងតែជិះម៉ូតូ១គ្រឿង ស្រាប់តែត្រូវរថយន្តដឹកសាំង បានបើកមកបុកពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីវេលាម៉ោងង១និង២៤នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣។
បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ជា ម៉ាញ អាយុ៤៥ឆ្នាំ និងស្ត្រី២នាក់ដែលរងរបួសធ្ងន់មានឈ្មោះ ជា ណូយ អាយុ៥៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហែន គ្រីន អាយុ៤៣ឆ្នាំ អ្នកទាំង៣រស់នៅភូមិព្រៃតាខ្មៅ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរក្នុងទិសដីពីកើតទៅលិច ក្នុងល្បឿនមធ្យម។ ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបម្រុងនឹងបើកឆ្លងផ្លូវ ស្រាប់តែមានរថយន្តដឹកសាំងមួយគ្រឿង ដែលជារបស់ក្រុមហ៊ុនប្រាយ វិកថឺរី មេគង្គភេត្រូលៀម ពាក់ស្លាកលេខភ្នំពេញ 3A-7155 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូបានគាប់ជាប់នៅក្នុងរថយន្តអូសជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងស្ត្រី២នាក់ទៀតរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ គេសង្កេតឃើញអាជ្ញាធរមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com