
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលបចូលផ្ទះប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ ផាន់ ខេមរ៉ា ហៅឆ្លូញ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ិន សំបាន ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ផ្ទះដែលកើតហេតុ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានលួចឆ្កឹះគន្លឹះទ្វារផ្ទះជនរងគ្រោះ ហើយបានចូលទៅក្នុងផ្ទះបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែភ្លាមៗនោះម្ចាស់ផ្ទះដឹងទាន់បានបើកភ្លើងមើលឃើញឈ្មោះនេះរត់ចេញមកវិញ ហើយបានស្រែកចោរៗឡើងផ្អើលអ្នកជិតខាង។ លុះព្រឹកឡើងម្ចាស់ផ្ទះបានមកប្តឹងប៉ូលិសទើបមានការឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លឡួនពិតជាបានធ្វើសកម្មភាពលបចូលផ្ទះជនរងគ្រោះ បំណងលួចទ្រព្យសម្បត្តិមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com