
រាជធានីភ្នំពេញ ៖ យោងតាម របាយការណ៍ទិន្នន័យប៉ះពាល់ និងខូចខាត ដោយជំនន់ទឹកភ្លៀង លើកទី២ និងជំនន់ទន្លេមេគង្គ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១ ខែតុលាឆ្នាំ២០១៣ គ្រោះទឹកជំនន់ បានសម្លាប់ប្រជាជនកម្ពុជាចំនួន ៣៩នាក់ហើយ និងរាប់ពាន់គ្រួសារទៀត ត្រូវបានអាជ្ញាធរជម្លៀស ទៅរកទីទួលមានសុវត្ថិភាព ។
របាយការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បាននិងកំពុងវាយប្រហារ ខេត្ត-ក្រុងមួយចំនួននៅកម្ពុជា ក្នុងនោះ មានខេត្តព្រះវិហារ, កំពង់ធំ, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ, កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, ព្រៃវែង, កណ្តាល, ព្រះសីហនុ, រតនគិរី និងរាជធានីភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៦៦ និងឃុំចំនួន ៣០០ ក្នុងចំណោមបណ្តា ខេត្ត-ក្រុងនានា ។
គ្រោះទឹកជំនន់ទាំង១៣ខេត្ត-ក្រុងនេះ មានប្រជាពលរដ្ឋចំនួន ១០០.៣៣៤ គ្រួសារ បានរង ផលប៉ះពាល់ និងប្រជាពលរដ្ឋចំនួន ៩.៩៥៦គ្រួសារ ត្រូវបានក្រុមអាជ្ញាធរ ជួយសង្គ្រោះ និងបានជម្លៀសចេញ ទៅរកទីទួលមានសុវត្ថិភាព។ ក្នុងនោះ មានផ្ទះរបស់ប្រជាជន ចំនួន ៨៩.១៨៦ខ្នង បានរងការប៉ះពាល់ និងធ្វើឲ្យ ផ្ទះចំនួន ២៩ខ្នងទៀត បានខូចខាត និងធ្វើឲ្យមនុស្សចំនួន ៣៩នាក់ បានស្លាប់បាត់បង់ជីវិត ហើយមិនបានធ្វើ ឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ។
ចំពោះសាលារៀន ដែលរងផលប៉ះពាល់ មានចំនួន ៥៣៣ខ្នង, វត្តអារាមចំនួន២៩១ និង មន្ទីរពេទ្យចំនួន ២៩ផងដែរ ហើយសត្វពាហនៈ ដែលត្រូវបានគេ ជម្លៀសចេញមានចំនួន ១៧.០៣៣ក្បាល និង មានសត្វពាហនៈងាប់ចំនួន ៣៤ក្បាល។ សន្ទូងដែលបានប៉ះពាល់ មានចំនួន៩៨.២២៧ហិកតា។ ចំពោះសំណាប ដែលបានខូចខាតមានចំនួន ៣៥៧ហិកតា និងប៉ះពាល់ដំណាំផ្សេងៗ ចំនួន ៥.៣៤៧ហិកតា ពុំមានការខូចខាត ឡើយ។ ដោយឡែកផ្លូវជាតិ និងខេត្ត ប៉ះពាល់ចំនួន ៤៥.២៨២ម៉ែត្រ ពុំមានការខូចខាតទេ ហើយផ្លូវលំបាន ប៉ះពាល់ចំនួន ៧៤៤.២៣២ម៉ែត្រ មិនមានការខូចខាតឡើយ។
របាយការណ៍ក៏បាន បញ្ជាក់ផងដែរថា ស្ពានលិចមានចំនួន ១៣៣កន្លែង និងប៉ះពាល់ទំនប់ចំនួន ៩០កន្លែងនៅ ខេត្តកណ្តាល ឧត្តរមានជ័យ៥កន្លែង កំពង់ចាម១៤កន្លែង ហើយមានច្រាំងបាក់មួយកន្លែងនៅខេត្តកណ្តាល និងខេត្តកំពង់ចាម ១កន្លែង លិចស្ពានចំនួន ២កន្លែង និងនៅខេត្តក្រចេះ លិចស្ពានចំនួន ៣៨៥កន្លែង ៕
Source from: watphnom-news.com