
ខេត្តកំពង់ចាម ៖ សាច់ញាតិមានក្ដី សោកសង្រេងអនេកចំពោះ អំពើហិង្សាក្នុងគ្រួសារ ដ៏សាហាវមួយ ដែលមិនធ្លាប់មានពីមុនមក បានកើតឡើងនៅ តំបន់ជនបទដាច់ស្រយាលមួយ នៃទឹកដីខេត្តកំពង់ចាម ដោយបុរសជាប្តីបានប្រើកាំបិតខ្វែវ កាប់ប្រហារកូនស្រីម្នាក់ ជានិស្សិតឆ្នាំទី២ ដាច់ក្បាលធ្លាក់ចេញពីស្មា និងកាប់ប្រពន្ធ ត្រូវច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី១ ខែតុលា ស្ថិតនៅក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ។
ជនរងគ្រោះដែលត្រូវបានសម្លាប់ យ៉ាងទារុណនោះរួមមាន១-កូនស្រីប្តីដើមឈ្មោះ មួន ចិន្តា អាយុ២០ឆ្នាំ ២-ម្តាយឈ្មោះ សេក ធូ អាយុ៤៧ឆ្នាំ និង៣-ប្តីជាជនកំណាច ឈ្មោះ ឡាំង ពិសេស ហៅសែ អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ និងយកគ្នាជាប្តីប្រពន្ធបាន ៧ទៅ៨ឆ្នាំហើយ។ យុវតីរងគ្រោះមានឈ្មោះ មួន ចិន្តា ជានិស្សិត ផ្នែករដ្ឋបាលធុរកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ត្រូវឪពុកចុងនាងឈ្មោះ ឡាំង ពិសេស កាប់ស្លាប់ បន្ទាប់ពីនាងបានមកលេងផ្ទះក្នុងឱកាស បុណ្យភ្ជុំបិណ្ឌបានបីថ្ងៃ ។ សាច់ញាតិខមានអារម្មណ៍ ឈឺចាប់ខ្លាំងណាស់ ព្រោះនាងជាកូនកំព្រា តាំងពីអាយុបួនឆ្នាំ។
បើតាមសាច់ញាតិបានអះអាងថា ឈ្មោះ ឡាំង ពិសេស ប្រចណ្ឌនៅពេលដែលនាង មួន ចិន្តា ទៅសិក្សានៅភ្នំពេញ ហើយនៅពេលនាងមកលេងផ្ទះ ក៏កើតរឿងជម្លោះតែម្តងទៅ។ កន្លងមកពួកគេបានឈ្លោះគ្នាច្រើន ពីព្រោះនាង មួន ចិន្តា មានមិត្តភក្តិប្រុស មកពីសាកលវិទ្យាល័យ ដោយឈ្មោះ ឡាំង ពិសេស គិតថា នាងមានសង្សារច្រើន។ នៅថ្ងៃកើតហេតុ ដែលមានការឈ្លោះប្រកែកគ្នា យ៉ាងចាស់ដៃនោះ ស្ត្រីរងគ្រោះឈ្មោះ សេក ធូ ជាម្តាយរបស់នាង មួន ចិន្តា បានត្រឡប់មកពីវត្តវិញ នៅម៉ោងប្រហែល ១១ ព្រឹកថ្ងៃអង្គារ ហើយបានឃើញកូនស្រី និងប្តីកំពុងតែឈ្លោះគ្នា។
អ្នកស្រី សេក ថាន ដែលជាប្អូនស្រីបង្កើតរបស់ឈ្មោះ សេក ធូ ដែលមានផ្ទះនៅជិតនោះ បានឮសំឡេងបងស្រី របស់គាត់យំយ៉ាងខ្លាំង ហើយបានស្ទុះទៅមើល ស្រាប់តែឃើញមុខ របស់បងប្អូនស្រីសុទ្ធតែឈាម។ អ្នកស្រី សេក ថាន បានអង្វរឲ្យ ឈ្មោះ ឡាំង ពិសេស ឈប់ប្រព្រឹត្តហិង្សាទៀត ប៉ុន្តែឈ្មោះ ឡាំង ពិសេស មិនព្រមឈប់ទេ។ បន្ទាប់មកអ្នកស្រី សេក ថាន ក៏បានស្រែកឲ្យអ្នកជិតខាងជួយ និងបានទាក់ទង ហៅនគរបាល។
ឈ្មោះ ឡាំង ពិសេស បានប្រើកាំបិតខ្វែវ ដោះស្រាយកំហឹងរបសគាត់ ដោយបានកាប់ក ស្ត្រីទាំងពីរនាក់ម្តាយកូន នៅពេលដែលពួកគេព្យាយាម ស្រែកឲ្យអ្នកជិតខាងជួយ។ រយៈពេលពីរម៉ោង បន្ទាប់ កំហឹងនោះ បានផ្ទុះឡើងកាន់តែខ្លាំង រវាងឈ្មោះ ឡាំង ពិសេស និងនគរបាល ហើយនិងហ្វូងប្រជាជនយ៉ាងហោចជិត ៥០០នាក់ បានព័ទ្ធជុំវិញផ្ទះនោះ។ នគរបាលបានព្យាយាម និយាយទៅកាន់ឈ្មោះ ឡាំង ពិសេស ឲ្យដាក់អាវុធចុះ តែគាត់មិនព្រម នៅតែនិយាយទាំងកម្រោល និងបានកាត់ដៃប្រពន្ធបង្ហាញទៅហ្វូងប្រជាជន។
នៅទីបំផុតប្រជាជន ដែលខឹងសម្បា បានប្រើដុំថ្មគប់ចូល ទៅក្នុងផ្ទះនោះ បណ្តាលឲ្យត្រូវឈ្មោះ ឡាំង ពិសេស សន្លប់ហើយបន្ទាប់មកឈ្មោះ ឡាំង ពិសេស ត្រូវបានវាយរហូតដល់ស្លាប់ ដោយហ្វូងប្រជាជន។ នគរបាលបានច្រានចោល ពាក្យចចាមអារ៉ាមដែលថា ឈ្មោះ ឡាំង ពិសេស បានរំលោភនាង មួន ចិន្តា បន្ទាប់ពីធ្វើកោសល្យវិច័យសព កាលពីល្ងាចថ្ងៃអង្គារ។ គ្រួសារបានយល់ស្របថា ពួកគេមិនជឿថា វាជារឿងជម្លោះដែលកើតចេញ ពីការរំលោភផ្លូវភេទនោះទេ។
យ៉ាងណាក៏ដោយ វេលាម៉ោង ៨ ព្រឹកនៅថ្ងៃកៀតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ បានហៅគ្រូពេទ្យប្រចាំភូមិ ឲ្យមកពិនិត្យជំងឺ ឈ្មោះ ឡាំង ពិសេស ដោយគាត់គិតថា ប្តីមានបញ្ហាសុខភាព ហើយក្រោយពេលពិនិត្យរកឃើញថា ឈ្មោះ ឡាំង ពិសេស មានសម្ពាធឈាមខ្ពស់ មានការចេញវេជ្ជបញ្ជា ឲ្យទិញថ្នាំ។ ឈ្មោះ ឡាំង ពិសេស មានប្រវត្តិជំងឺសរសៃប្រសាទ ប៉ុន្តែជំងឺនោះមិនមាន បញ្ហាធ្ងន់ធ្ងរទេ ចាប់ពីឆ្នាំ ២០០៦ នៅពេលដែលគ្រួសារ នៅខេត្តតាកែវបានយកគាត់ ទៅឲ្យគ្រូខ្មែរព្យាបាល។ សមាជិកក្រុមគ្រួសារជនរងគ្រោះ បានគ្រោងនឹងបរិច្ចាគ ទ្រព្យសម្បត្តិទាំងអស់ របស់អ្នកស្លាប់ ដើម្បីដាក់ប្រគេនព្រះសង្ឃនៅវត្ត ដើម្បីជួយឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគេ បានទៅសោយសុខ ក្នុងសុគតិភព៕
Source from: watphnom-news.com