
រាជធានីភ្នំពេញ ៖ ម្នាក់បានផឹកស៊ីស្រវឹង រហូតបាត់បង់ស្មារតី បានបើកម៉ូតូ១គ្រឿង ទៅបុកខឿនសួនច្បារយ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ រហូតសន្លប់ ស្ដូកស្ដឹងកាលពីម៉ោង ២និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ខែតុលា ឆ្នាំ២០១៣ ឋិតនៅចំណុចក្បែរផ្សារធំថ្មី តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានវ័យប្រហែល ២០ ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-1550 ។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានបើកម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងទិសដៅ ពីកើតទៅលិចយ៉ាងលឿន ក្នុងសភាពស្រវឹងជោកជាំ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក ខឿនសួនច្បារយ៉ាងពេញទំហឹង។
ភ្លាមៗនោះម៉ូតូនិងអ្នកបើកបរ ដួលទៅលើថ្នល់ រងរបួសធ្ងន់រហូត ដល់សន្លប់បាត់បង់ស្មារតី ត្រូវប្រជាពលរដ្ឋហៅ រថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ។ ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបាននគរបាលប៉ុស្ដិ៍ផ្សាថ្មី២ យកមករក្សាទុកដើម្បីទុក ប្រគល់ឱ្យទៅក្រុមគ្រូសារ ៕
Source from: watphnom-news.com