
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ កើតឡើងរវាងរថយន្តនិងទោចក្រយានយន្ត កាលពីវេលាម៉ោងប្រមាណ១៣និង១៥នាទីរសៀល នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣នេះ នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ភូមិកូបខាងកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងកូនប្រុសម្នាក់ទៀតបានរងរបួសធ្ងន់។
ជនរងគ្រោះជាឪពុកដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ គង់ សំអឿន អាយុ៤៥ឆ្នាំ មុខរបរជាប៉ូលិស ឋានន្តរស័ក្តិថ្នាក់ព្រិន្ទបាលទោ មានទីលំនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនិងកូនប្រុសដែលរងរបួសធ្ងន់ធ្ងរនោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនភ្លាមៗដែរ ខណៈដែលអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
ប្រភពពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរី ឆ្នាំ១៩៩៥ ពណ៌ស្លែ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-3543 និងម៉ូតូជនរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅលាយខៀវ គ្មានពាក់ស្លាកលេខ ជិះគ្នាពីរនាក់បើកបរបញ្ច្រាសទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៥ពីលិចទៅកើត។លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្កបានបុកគ្នានឹងម៉ូតូចំពីខាងមុខមួយទំហឹងតែម្តង។ភ្លាមៗនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ក៏បានមកដល់ធ្វើការវាស់វែងនិងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យនៅស្រុកមង្គលបុរី ។ ដោយឡែក រថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំម្ចាស់រថយន្តចេញមុខមកដោះស្រាយតាមច្បាប់។
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមប្រជាពលរដ្ឋខ្មែរដែលបញ្ជាយានយន្តតាមផ្លូវសាធារណៈទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕
Source from: www.dtn7.com