
ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញបានធ្វើការប្រកាសបញ្ជីឈ្មោះបុគ្គលដែលមានសិទ្ធិអំណាចបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៣ ដោយបុគ្គលជាប់ឈ្មោះក្នុងបញ្ជីមានចំនួន៧២រូប ហើយឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាប់ចំណាត់ថ្នាក់នៅកំពូលតារាង ខណៈឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ជាប់លំដាប់ថ្នាក់លេខ២ ក្នុងតារាង។
គេហទំព័រសារព័ត៌មានដើមត្នោតសូមដកស្រង់បុគ្គលចំនួន១០រូប ដែលជាប់ឈ្មោះក្នុងតារាងបញ្ជីជាបុគ្គលមានអំណាចបំផុតលើពិភពលោកនៃទស្សនាវដ្តី Forbes ដូចខាងក្រោម៖
១- ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី៖ ឯកឧត្តមពូទីន បានខិតខំពង្រឹងអំណាចរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅលើពិភពលោក។ ឯកឧត្តម ពូទីន មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋ រុស្ស៊ី ស្រឡាញ់គាំទ្រនោះទេ សូម្បីប្រជាពលរដ្ឋអាមេរិក ក៏ស្រឡាញ់ចូលចិត្តឯកឧត្តមដែរ ក្រោយពេលឯកឧត្តម បានចាត់ការនយោបាយការទូតបញ្ជៀសអាមេរិកធ្វើសង្គ្រាមវាយប្រហារទៅលើប្រទេសស៊ីរី តាមរយៈជំរុញឲ្យមេដឹកនាំប្រទេសស៊ីរី បោះបង់អាវុធគីមីសាស្ត្រជាថ្នូរនឹងការមិនវាយប្រហារពីមហាអំណាចអាមេរិក។
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ ក្នុងឱកាសបើកកិច្ចប្រជុំ APEC នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កន្លងមក ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានលេងហ្គីតា ដោយផ្ទាល់ដៃ និងផ្តើមច្រៀងដោយផ្ទាល់មាត់នូវបទ «Happy birthday to You» ដើម្បីស្វាគមន៍អបអរថ្ងៃខួបកំណើតគម្រប់៦១ឆ្នាំ របស់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី។
២- ឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក៖ ធ្លាក់ចុះប្រជាប្រិយភាពរបស់ឯកឧត្តម ប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺដោយសារក្នុងរយៈពេល២ឆ្នាំកន្លងមកឯកឧត្តមដឹកនាំនយោបាយសហរដ្ឋអាមេរិក ឲ្យជាប់គាំងរយៈពេលជាង២សប្តាហ៍ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការងារធ្វើរាប់សែននាក់។
៣- ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ថ្វីដ្បិតទើបឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅថ្មីៗក៏ដោយ ប៉ុន្តែ ឯកឧតុ្តម ជាប់ជាបុគ្គលដែលមានអំណាចលំដាប់ទី៣នៅលើពិភពលោក ដោយសារឯកឧត្តម ខិតខំពង្រឹងសមត្ថភាពយោធា ព្រមទាំងបង្កើនទំនាក់ទំនងការទូតយ៉ាងល្អជាមួយប្រទេសដទៃ ទោះបីពេលនេះប្រទេសចិនមានបញ្ហាវិវាទអំពីអធិបតេយ្យភាព និងបូរណភាពដែនកោះជាមួយប្រទេសជិតខាងក៏ដោយ។
៤- សម្តេចសង្ឃកាតូលិក Francis៖ ជាសម្តេចសង្ឃកាតូលិកដំបូងគេបង្អស់មកពីតំបន់អាហ្វ្រិកខាងត្បូង និងមានប្រភពមកពីគ្រួសារប្រកបរបរស្រែចម្ការ ប៉ុន្តែសម្តេចសង្ឃមានឥទ្ធិពលខ្លាំងលើផ្នែកសាសនា។
៥- លោកជំទាវ Angela Merkel អធិការបតីប្រទេសអាល្លឺម៉ង់៖ លោកជំទាវ Angela Merkel ជាមេដឹកនាំដែលត្រូវគេចាត់ទុកថា ជាសរសរទ្រូង និងជាបង្គោលដ៏រឹងមាំជួយដល់សហគមន៍អឺរ៉ុបឲ្យគេចផុតពីវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ។ លោកជំទាវគឺជាស្ត្រីមួយរូបដែលមានសិទ្ធិអំណាចបំផុតនៅលើពិភពលោក។ លោកជំទាវធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ជាបុគ្គលមានអំណាចបំផុតលើពិភពលោកបន្ទាប់ពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០១២ កន្លងមក។
៦- លោក Bill Gate មហាសេដ្ឋីក្រុមហ៊ុន Microsoft ៖ មហាសេដ្ឋីរូបនេះមានគុណសម្បត្តិខ្ពស់ដោយសារការបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់មូលនិធិមនុស្សធម៌នៅលើពិភពលោក រួមទាំងកុមារផង។
៧- លោក Ben Bernanke ប្រធានរូបិយវត្ថុអាមេរិក «FED»
៨- ព្រះចៅ Abdullah bin Abdullaziz al-saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត
៩- លោក Mario Draghi ប្រធានធនាគារសហគមន៍អឺរ៉ុប
១០- លោក Michael Duke នាយកប្រតិបត្តិក្រុមហ៊ុន Wal-Mart ៕
Source from: www.dtn7.com
No comments:
Post a Comment