
ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប»រួចហើយនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះនៅការិយាល័យបោះឆ្នោតភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមបានបំពេញសិទ្ធិជាពលរដ្ឋមួយរូបរួចហើយ ក្នុងការមកចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣របស់គ.ជ.ប ប៉ុន្តែមិនដឹងថ្ងៃណាគ.ជ.ប លុបឈ្មោះឯកឧត្តមចោលទៀតទេ ពីព្រោះប្រជាពលរដ្ឋចំនួន១លាន២សែននាក់ដែលមានឈ្មោះបោះឆ្នោតត្រឹមត្រូវ ត្រូវបានគ.ជ.ប លុបឈ្មោះចេញពីបញ្ជីទាំងអយុត្តិធម៌ ។
បន្ទាប់ពីបានចុះឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣របស់ គ.ជ.ប រួចហើយ ឯកឧត្តម សម រង្ស៊ី នឹងអញ្ជើញចាកចេញទៅបរទេសនៅវេលាយប់នេះតែម្តង ដើម្បីបំពេញបេសកកម្មការទូតមិនឲ្យមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាបច្ចុប្បនុ្ន ដែលមេគណបក្សប្រឆាំងរូបនេះអះអាងថា បានកើតឡើងដោយភាពមិនស្របច្បាប់ ដោយមានការលួចបន្លំសន្លឹកឆ្នោតដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។
សូមបញ្ជាក់ជូនថា ឯកឧត្តម សម រង្ស៊ី ធ្លាប់ត្រូវបានគ.ជ.ប លុបឈ្មោះចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតនិងបញ្ជីឈរឈ្មោះបោះឆ្នោតតាំងពីមុនពេលរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មកម្ល៉េះ ទើបបណ្តាលឲ្យឯកឧត្តម មិនមានឈ្មោះជាប់ជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមណ្ឌលបោះឆ្នោតណាមួយឡើយ ។
ដោយឡែក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ គណបក្សសង្គ្រោះជាតិធ្លាប់បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយទាមទារឲ្យមានការលើកពេលឬពន្យារពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ ដែលគ.ជ.ប បានកំណត់ធ្វើចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ដោយគណបក្សបានលើកហេតុផលថា គណបក្សទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅទាក់ទងនឹងការបោះឆ្នោតដែលគណបក្សនយោបាយទាំងពីរ«គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា» ដែលមានអាសនៈនៅក្នុងរដ្ឋសភាត្រូវពិភាក្សាគ្នាក្នុងពេលខាងមុខនិងពេលវេលានេះជារដូវវស្សា ហើយជាក់ស្តែងប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ផង ៕
Source from: www.dtn7.com