
គណបក្សប្រជាជនកម្ពុជាធ្លាប់បានភ្លក្សរសជាតិចាញ់ឆ្នោតយ៉ាងជូរចត់នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ "១៩៩៣-១៩៩៨" ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់"UNTAC" ពោលគឺចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច អតីតដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន ។
ក្រោយព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានីភ្នំពេញ នាថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ "ព្រឹត្តិការណ៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ផ្តួលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១" រដ្ឋសភានាសម័យប្រជុំលើកទី៨ នីតិកាលទី១ បានអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ហើយច្បាប់នេះត្រូវបានប្រកាសឲ្យប្រើជាការប្រញាប់ ដោយព្រះរាជក្រមលេខ នស/រកម/១២៩៧/០៦ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៧ ។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៧ មានគោលដៅកំណត់អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងបានប្រគល់សិទ្ធិការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា "គ.ជ.ប" ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគ.ជ.ប ជាអង្គការឯករាជ្យ និងអព្យាក្រឹតក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដែលសមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តការងារបោះឆ្នោត ។
បន្ទាប់ពីមាន គ.ជ.ប ជាស្ថាប័នគ្រប់គ្រងលើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួចមក ព្រះរាជាណាចក្រកម្ពុជាបានដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ "១៩៩៨-២០០៣" នីតិកាលទី៣"២០០៣-២០០៨" នីតិកាលទី៤"២០០៨-២០១៣" និងនីតិកាលទី៥"២០១៣-២០១៨"ជាបន្តបន្ទាប់ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតជាប់ៗគ្នាចំនួន៤អាណត្តិ ខណៈគណបក្សនយោបាយប្រឆាំងនៅកម្ពុជាទទួលបានការចាញ់ឆ្នោតជាប់រហូត ។
មជ្ឈដ្ឋានអ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា ក្រៅអំពីគណបក្សហ្វ៊ុនស៊ិនប៉ិចធ្លាប់បានជួយជ្រោមជ្រែងពង្រឹងកម្លាំងថាមពលឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយសម្ព័ន្ធភាពទទួលបានការឈ្នះឆ្នោតចំនួន៤អាណត្តិជាប់ៗគ្នានោះ គឺប្រព័ន្ធការងាររបស់ គ.ជ.ប ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតជាហូរហែ មិនធ្លាប់ចាញ់ទាល់តែសោះចាប់តាំងពីមាន គ.ជ.ប មក ហើយគណបក្សនេះក៏បានក្លាយជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ដែលមានទាំងអំណាចដ៏លើសលប់ និងមានទាំងទ្រព្យសម្បត្តិដ៏មហាសាលទល់សព្វថ្ងៃ ។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមកនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបាត់បង់សំឡេងឆ្នោតគាំទ្រយ៉ាងច្រើនសឹងនឹកស្មានមិនដល់ ប៉ុន្តែនៅតែទទួលបានការឈ្នះឆ្នោត មានចំនួនអាសនៈច្រើនជាងគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយប្រឆាំងនៅក្នុងរដ្ឋសភា ដោយសារប្រព័ន្ធការងាររបស់ គ.ជ.ប ដែលអ្នកគាំទ្រគណបក្សប្រឆាំងរិះគន់ថា អសមត្ថភាព និងមិនឯករាជ្យដូចមានចែងក្នុងច្បាប់ ។
ស្ថាប័ន គ.ជ.ប ត្រូវបានគេមើលឃើញថាកំពុងធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីអ្នកគាំទ្រគណបក្សនយោបាយប្រឆាំង ដែលមានចំនួនកើនឡើងជាលំដាប់ ខណៈដែលស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញក្តី ស្ថាប័នតុលាការក្តី បានឈរនៅខាង គ.ជ.ប ទោះបីមានបណ្តឹងតវ៉ានឹងលទ្ធផលឆ្នោត និងបណ្តឹងតវ៉ាពីបទព្រហ្មទណ្ឌទៅស្ថាប័នតុលាការក៏ដោយ ទើបជាហេតុនាំឲ្យគណបក្សនយោបាយប្រឆាំងបន្តទាមទារយ៉ាងប្តូរផ្តាច់ឲ្យមានការកែទម្រង់ប្រព័ន្ធការបោះឆ្នោតនៅកម្ពុជាឡើងវិញ ។
ទោះជាយ៉ាងណាក៏ដោយ ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាលើកឡើងថា នារយៈពេលកន្លងមកនេះ ស្ថាប័ននីតិប្បញត្តិ ជាពិសេសរដ្ឋសភា ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នតុលាការ ស្ថាប័នកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធនឹងការបោះឆ្នោត "ទាំង គ.ជ.ប ទាំងក្រុមប្រឹក្សាធម្មនុញ្ញ" គឺជាបក្ខពួកជាប្រព័ន្ធរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ទើបនាំឲ្យគ្រប់ការបោះឆ្នោតត្រូវគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតជារៀងរហូត ៕
Source from: www.dtn7.com