
ខេត្តសៀមរាប ៖ ស្របពេលដែលភ្លៀង បន្តធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យទឹកជំនន់នៅតែ គំរាមកំហែងរមណីយដ្ឋានបុរាណមួយចំនួន រួមទាំងទីក្រុងសៀមរាប ហើយផ្ទាំងថ្មធំៗ នៃដំបូលរានហាល របស់ប្រាសាទ ព្រះខ័ន នាប៉ែកខាងជើងចំនួន ១០ដុំ បានបាក់បែក ហើយធ្លាក់ចុះដល់ដី ដោយសារតែដើមឈើធំ មួយដើម បានដួលរលំសង្កត់ កាលពីថ្ងៃទី៤ ខែតុលា។
ដើមឈើធំដែលមានទទឹងប្រហែល ១ម៉ែត្រ និងកម្ពស់ប្រមាណ ២០ម៉ែត្របាន រលំសង្កត់ប្រាសាទនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ហើយដក់ទឹកជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទ ធ្វើឱ្យដីទន់ជ្រាយ។ លោក អ៊ឹម សុខរិទ្ធី មន្ត្រីនាយកដ្ឋាន ផ្សព្វផ្សាយរបស់ អាជ្ញាធរអប្សរា បានឲ្យដឹងថា ឈើធំៗមួយចំនួន នៅក្នុងបរិវេណប្រាសាទបុរាណ បានរលំដួលជាបន្តបន្ទាប់ ដោយសារតែភ្លៀងខ្លាំង ធ្វើឱ្យដីទន់ជ្រាយ។
លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា អាជ្ញាធរអប្សរា បានបញ្ជូនកម្លាំងអន្តរាគមន៍ មួយក្រុមជាបន្ទាន់ ទៅកាត់ឈើ មួយដើម ដែលរលំដួលសង្កត់ លើប្រាសាទព្រះខ័ន ដែលបានរលើងឫស រលំពេលមានទឹកដក់ ធ្វើឱ្យបាក់បែកថ្ម ជារចនាសម្ព័ន្ធរបស់ប្រាសាទ។ ក្រុមមន្ត្រីបានសម្ដែង ការព្រួយបារម្ភចំពោះ ស្ថានភាពទឹកជំនន់ ដែលអាចនឹងហូរចូល ប្រាសាទបុរាណមួយចំនួន ប្រសិនបើភ្លៀង នៅតែបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ។
ក្រុមមន្ត្រីបានបញ្ជាក់ថា កម្រិតទឹកដោយសារភ្លៀងខ្លាំងពេលនេះ គឺមានកម្ពស់ខ្ពស់ជាង សណ្ឋានដីនៃទីក្រុងសៀមរាប ហើយកំពុងទទួលរង ការគំរាមកំហែង ដោយទឹកជំនន់ ក៏ប៉ុន្តែសម្រាប់ តំបន់ប្រាសាទបុរាណនានា នៅមិនទាន់មានអ្វី គួរឱ្យបារម្ភនៅឡើយទេ ហើយគេកំពុងផ្ដោត ការយកចិត្តទុកដាក់ទៅលើ ប្រាសាទបុរាណចំនួន៣ ដែលអាចមានទឹកហូរចូល ប្រសិនបើភ្លៀង នៅតែបន្តធ្លាក់ឥតដាច់៕
Source from: watphnom-news.com