
រាជធានីភ្នំពេញ ៖ យោងតាមសារាចរ ដែលចុះហត្ថលេខា ដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកការ ប្រារព្ធពិធីបុណ្យអុំទូក ដែលតែងតែប្រារព្ធធ្វើ រាប់រយឆ្នាំមកហើយ នៅមុខព្រះបរមរាជវាំង ដោយសារនៅឆ្នាំ២០១៣ នេះ មានទឹកជំនន់ធ្ងន់ធ្ងរ។
សារាចរបានលើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យ អុំទូកនៅឆ្នាំនេះ ដើម្បីប្រមូលកម្លាំងសរុប មធ្យោបាយសរុប សម្រាប់ដោះស្រាយ បញ្ហាទឹកជំនន់។ បើតាមសារាចរដដែលនេះ បានបង្ហាញថា ទឹកជំនន់ទន្លេមេគង្គ ដែលមានសភាពធ្ងន់ធ្ងរ បានបណ្តាលឲ្យសាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្ទះរបស់ប្រជាពលរដ្ឋ ផលដំណាំ និងសត្វពាហនៈជាច្រើន ត្រូវរងការបំផ្លាញ និងធ្វើឲ្យប្រជាជន នៅតំបន់ទឹកលិចមួយចំនួន បាត់បង់ជីវិត។
ប៉ុន្តែសារាចរ បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យ អុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមទីកន្លែងដទៃ នឹងប្រព្រឹត្តទៅជាធម្មតា តាមទម្លាប់ និងតាមប្រពៃណី របស់ប្រជាពលរដ្ឋ។ ចំណែកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និងកម្មករនិយោជិកចំនួន ៣ ថ្ងៃ នឹងអនុវត្តតាមប្រតិទិនឈប់សម្រាក ជាធម្មតា។
បើគិតដល់ឆ្នាំ២០១៣ នេះ ការផ្អាកមិនប្រារព្ធពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ មានរយៈពេល ៣ឆ្នាំមកហើយ ចាប់តាំងពីមានការផ្អើល ជាន់គ្នាស្លាប់មនុស្ស និងរបួសរាប់រយនាក់ នៅស្ពានកោះពេជ្រ។ ពិធីបុណ្យអុំទូក គឺជាទំនៀមទម្លាប់ និងជាប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ រាប់សតវត្សរ៍មកហើយ សូម្បីតែនៅកម្ពុជាក្រោម ក៏មានការប្រារព្ធពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ មិនដែលអាក់ខាននោះទេ៕
Source from: watphnom-news.com