
សមត្ថកិច្ចបានសម្រេចដោះលែងលោកស័ក្តិ៤ ប៊ុន ច័ន្ទពិសិដ្ឋ អាយុ៣១ឆ្នាំ បម្រើការងារនៅបញ្ជាការដ្ឋានកងអង្គរក្សរួចហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនេះ បន្ទាប់ពីបានឃាត់ខ្លួនត្រឹមតែមួយយប់ក្នុងរឿងបាញ់បោះសេរី នារាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣។
លោកស័ក្តិ៤វ័យក្មេង ដែលបម្រើការងារនៅអង្គភាពអង្គរក្ស ប៊ុន ច័ន្ទពិសិដ្ឋ និងត្រូវជាកូនប្រុសរបស់លោក ប៊ុន ច័ន្ទ សមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនកាលពីរាត្រី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅតាមផ្លូវទំនប់៧មករា ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីបុរសវ័យក្មេងរូបនេះបាញ់បោះសេរីក្រោយចេញពីផឹកស៊ី នៅបន្ទាយទួលក្រសាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនលោកស័ក្តិ៤ វ័យក្មេង ប៊ុន ច័ន្ទពិសិដ្ឋ បានមួយរាត្រី លុះដល់ពេលព្រឹកឡើងឃើញមានក្រុមអង្គរក្សជាច្រើននាក់ជិះរថយន្តទំនើបម៉ាក Tundra ពណ៌ស គ្មានពាក់ស្លាកលេខ ចេញមកធ្វើការអន្តរាគមន៍ឲ្យមានការដោះលែងជនបង្កដែលជាអង្គរក្សដូចគ្នា។ នៅទីបំផុត វេលាម៉ោងប្រមាណ១៦ និង ៣០នាទីល្ងាច នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ជនបង្កត្រូវបានដោះលែងតាមការអន្តរាគមន៍នោះ ដោយមានវត្តមានលោក ប៊ុន ច័ន្ទ ជាសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាឪពុករបស់ជនបង្កផងដែរ។
ក្រុមសមត្ថកិច្ចដែលបានប្តូរផ្តាច់បំពេញបេសកកម្មឃាត់ខ្លួនជនប្រព្រឹត្តល្មើសក្នុងរឿងបាញ់បោះសេរីបានត្រឹមតែគ្រវីក្បាលហួសចិត្តនូវពេលដែលមានអ្នកធំឬថ្នាក់លើចេញមុខជួយអន្តរាគមន៍ដោះលែងជនបង្ក ប៊ុន ច័ន្ទពិសិដ្ឋ យ៉ាងរហ័សទាន់ហន់។
លោក ប៊ុន ច័ន្ទ ជាឪពុកជនបង្កបាញ់បោះសេរី ឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ ត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញអាណត្តិទី១ ដោយអនុក្រឹត្យលេខ១៣៤៦អនក្រ.តត ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។
ការដោះលែងជនបាញ់បោះសេរីឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ ដែលមានតួនាទីជាអង្គរក្សពាក់ស័ក្តិ៤ នៅលើស្មា និងត្រូវជាកូនអ្នកធំមានលុយ និងមានអំណាចនោះបានធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងថា ជាអំពើអយុត្តិធម៌ក្នុងសង្គមមួយដែលនិយមប្រើប្រាស់វប្បធម៌អ្នកធំ អ្នកមានអំណាច អ្នកមានលុយ រួចខ្លួន រីឯអ្នកតូច អ្នកក្រីក្រ ត្រូវជាប់គុកក្នុងបទល្មើសដូចគ្នា៕
Source from: www.dtn7.com