
នៅវេលាម៉ោង ១៦ និង៣០ នាទីរសៀល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣នេះ កងកម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការឃាត់ចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងរឿងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌចេញមូលប្បទានបត្រស្អុយគ្មានសាច់ប្រាក់តម្លៃប្រមាណ៣០ម៉ឺនដុល្លារអាមេរិក តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ធ្វើឲ្យភ្ញាក់ផ្អើល និងស្ទះចរាចរណ៍នៅលើដងមហាវិថីព្រះមុនីវង្សទល់មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឋិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិតកន្លះម៉ោង។
មូលហេតុដែលនាំឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ជិតកន្លះម៉ោងនៅលើដងមហាវិថីព្រះមុនីវង្ស កណ្តាលរាជធានីភ្នំពេញដូច្នេះ ដោយសារជនត្រូវចោទពេលសមត្ថកិច្ចធ្វើការឃាត់ចាប់ខ្លួននោះ ជនត្រូវចោទមិនព្រមចុះពីលើរថយន្តរបស់ខ្លួនម៉ាក Tundra ពណ៌ស ដោយបិទទ្វារជិតមិនឲ្យសមត្ថកិច្ចចាប់ និងនាំខ្លួនបានឡើយ ប៉ុន្តែទីបំផុតសមត្ថកិច្ចអាវុធហត្ថបានប្រើប្រាស់រថយន្តស្ទូចទាំងរថយន្តជនសង្ស័យដែលក្នុងនោះមានទាំងប្រពន្ធរបស់ជនត្រូវចោទទៀតផងតែម្តង។
ជនត្រូវចោទដែលត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដោយអនុវត្តន៍នូវដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនោះ មានឈ្មោះ ថន សេងតារា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានបណ្តឹងចោទប្រកាន់របស់ភាគីជនរងគ្រោះ ឈ្មោះ ខៃ ណារិន ភេទស្រី អាយុ៥០ឆ្នាំ ដែលបានបញ្ជាក់ថា ជនត្រូវចោទបានចេញមូលប្បទានបត្រគ្មានលុយតម្លៃ៣០ម៉ឺនដុល្លារអាមេរិក ឲ្យទៅបើកនៅធនាគារ ANZ Royal ក្នុងរឿងជំពាក់ប្រាក់។
ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១២ ដែលជាបទល្មើសព្រហ្មទណ្ឌ និងបន្ទាប់មកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤២ត.ព្រ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។
កម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថបានចាត់ចែងនាំយកទាំងរថយន្ត និងទាំងជនត្រូវចោទទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
Source from: www.dtn7.com