
រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ ក្នុងពិធីសមាជមហាជន លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅតែថ្លែងដដែលៗក្នុងការទាមទារឲ្យបង្កើត គណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដែលមានភាព មិនប្រក្រតីជាច្រើន។
លោក សម រង្ស៊ី ក៏បានទាមទារឲ្យ សហគមន៏អន្តរជាតិ ពិចារណាដាក់ការគាបសង្កត់ មកលើរាជរដ្ឋាភិបាលអាណត្តិទី៥ ដែលលោកសម រង្ស៊ី អះអាងថា ជារាជរដ្ឋាភិបាលខុសច្បាប់ ហើយគណបក្ស សង្គ្រោះជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល និងមិនចូលប្រជុំសភា ឬចូលរួមជាមួយ រាជរដ្ឋាភិបាលនោះទេ ។ សមាជមហាជន នៅក្រោមតំណក់ភ្លៀង បានដំណើរការ ទៅតាមរបៀបវារៈ ដែលបានគ្រោងទុក រហូតឈានដល់ការអនុម័ត សេចក្តីសម្រេច មួយចំនួន។
សេចក្តីសម្រេចរបស់ សមាជមហាជន បានទាមទារឲ្យមាន ការផ្លាស់ប្តូរតាមរយៈ ការកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ។ នៅចំពោះមុខ អង្គសមាជ បានសម្រេចទាមទារ ចំណុចសំខាន់ៗចំនួន ១០ចំណុច ដូចជា ៖
១- ទាមទារឲ្យបង្កើត គណៈកម្មការ ស្វែងរកការពិត ជូនម្ចាស់ឆ្នោត និងផ្លាស់ប្តូរ សមាសភាព របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បច្ចុប្បន្ន ដែលសមាសភាពថ្មី ត្រូវមានការឯកភាព ពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។
២-ទាមទារឲ្យមាន តុល្យភាពអំណាចសភា និងទទួលស្គាល់ គណបក្សប្រឆាំង ដោយបង្កើតរាជរដ្ឋាភិបាល ស្រមោល។
៣-ទាមទារឲ្យគណបក្ស សង្គ្រោះជាតិ ទទួលបាន អាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ហើយលុបចោល កិច្ចសន្យាដែលមានលក្ខណៈ គាបសង្កត់ បិទសិទ្ធិសេរីភាព ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។
៤- បញ្ឈប់នូវការផ្តល់ ដីសម្បទានសេដ្ឋកិច្ច និងពិនិត្យសើរើឡើងវិញ នូវដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ និងប្រទេសជាតិ។
៥- បញ្ឈប់ការកាប់បំផ្លាញ ព្រៃឈើដោយបង្កើត យន្តការត្រួតពិនិត្យ ដើម្បីធានាឲ្យបាន នូវប្រសិទ្ធភាព។
៦-ទាមទារឲ្យអនុវត្ត ច្បាប់អន្តោប្រវេសន្ត ឲ្យមានប្រសិទ្ធភាព ដោយគ្មានការលើកលែង និងរើសអើង។
៧- បង្កើតគណៈកម្មការចម្រុះ ដែលមានសមាសភាព មកពីគណបក្ស ក្នុងរដ្ឋសភា ដើម្បីត្រួតពិនិត្យឡើងវិញ ពីការបោះបង្គោលព្រំដែន។
៨- ធ្វើវិសោធនកម្មនីតិវិធី ឬធ្វើច្បាប់ឲ្យមាន ការបោះឆ្នោតជ្រើសរើស មេភូមិដោយផ្ទាល់ ពីប្រជាពលរដ្ឋ។
៩- ប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា គ្រប់លំដាប់ថ្នាក់ មិនត្រូវមានតួនាទី ជាថ្នាក់ដឹកនាំ របស់គណបក្សនយោបាយ ។
១០-ទាមទារឲ្យដោះលែងជាបន្ទាន់ អ្នកជាប់ចោទ អ្នកជាប់ទោសមនសិការ នយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនការពារព្រៃឈើ៕
Source from: watphnom-news.com