សេចក្តីសម្រេច​របស់​ស​មា​ជ​មហាជន ១០ ចំណុច បង្កប់​នូវ​ហេតុផល​នយោបាយ​ស៊ីជម្រៅ​

​រាជធានី​ភ្នំពេញ៖ថ្លែង​ទៅកាន់ក្រុម​​អ្នក​គាំ​ទ្រ​​រាប់​ពាន់​នាក់នៅ​​ទី​លាន​​ប្រ​ជា​ធិប​តេយ្យកាល​ពី​​​រសៀល​​​ថ្ងៃ​​ទី​​០៦ខែ​តុ​លាឆ្នាំ​​២០១៣

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅកាន់ ក្រុម​​អ្នក​គាំ​ទ្រ​​រាប់​ពាន់​នាក់ នៅ​​ទី​លាន​​ប្រ​ជា​ធិប​តេយ្យ កាល​ពី​​​រសៀល​​​ថ្ងៃ​​ទី​​០៦ ខែ​តុ​លា ឆ្នាំ​​២០១៣ ក្នុង​​ពិ​ធី​​ស​មាជ​​ម​ហា​ជន លោក សម រង្ស៊ី ប្រ​​ធាន​​គណ​បក្ស ស​ង្គ្រោះ​​ជាតិ  នៅ​​តែ​​ថ្លែង​​ដ​ដែលៗក្នុង​ការ​​ទាមទារ​ឲ្យ​បង្កើត គណៈកម្មការ​ពិសេស​ឯករាជ្យ ដើម្បី​​ស៊ើប​អង្កេត ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែលមាន​ភាព មិន​ប្រក្រតី​ជាច្រើន​។​

 

​លោក សម រង្ស៊ី ក៏បាន​ទាមទារ​ឲ្យ សហគម​ន៏​អន្តរជាតិ ពិចារណា​ដាក់​ការគាបសង្កត់ មកលើ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​លោក​សម រង្ស៊ី អះអាងថា ជា​រាជរដ្ឋាភិបាល​ខុសច្បាប់ ហើយ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល និង​មិន​ចូលប្រជុំ​សភា ឬ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​នោះទេ ។ សមាជ​មហាជន នៅក្រោម​តំណក់ភ្លៀង បាន​ដំណើរការ ទៅតាម​របៀបវារៈ ដែល​បាន​គ្រោងទុក  រហូត​ឈានដល់​ការអនុម័ត សេចក្តីសម្រេច មួយចំនួន​។​

 

​សេចក្តីសម្រេច​របស់ សមាជ​មហាជន បានទាមទារ​ឲ្យ​មាន ការផ្លាស់ប្តូរ​តាមរយៈ ការកែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍ ប្រជាពលរដ្ឋ​។ នៅ​ចំពោះមុខ អង្គសមាជ បានសម្រេច​ទាមទារ ចំណុច​សំខាន់ៗ​ចំនួន ១០​ចំណុច ដូចជា ៖

១- ទាមទារ​ឲ្យ​បង្កើត គណៈកម្មការ ស្វែងរក​ការពិត ជូន​ម្ចាស់ឆ្នោត និង​ផ្លាស់ប្តូរ សមាសភាព របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត បច្ចុប្បន្ន ដែល​សមាសភាព​ថ្មី ត្រូវមាន​ការឯកភាព ពី​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។​

២-​ទាមទារ​ឲ្យ​មាន តុល្យភាព​អំណាចសភា និង​ទទួលស្គាល់ គណបក្សប្រឆាំង ដោយ​បង្កើត​រាជរដ្ឋាភិបាល ស្រមោល​។

៣-​ទាមទារ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ទទួលបាន អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ ហើយ​លុបចោល កិច្ចសន្យា​ដែលមាន​លក្ខណៈ គាបសង្កត់ បិទ​សិទ្ធិសេរីភាព ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

៤- បញ្ឈប់​នូវ​ការផ្តល់ ដី​សម្បទាន​សេដ្ឋកិច្ច និង​ពិនិត្យ​សើរើ​ឡើងវិញ នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់ ដល់​ផលប្រយោជន៍​ជាតិ និង​ប្រទេសជាតិ​។​

៥- បញ្ឈប់​ការកាប់បំផ្លាញ ព្រៃឈើ​ដោយ​បង្កើត យន្តការ​ត្រួតពិនិត្យ ដើម្បី​ធានា​ឲ្យ​បាន នូវ​ប្រសិទ្ធភាព​។​

៦-​ទាមទារ​ឲ្យ​អនុវត្ត ច្បាប់​អន្តោ​ប្រវេ​សន្ត ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​គ្មាន​ការលើកលែង និង​រើសអើង​។​

៧- បង្កើត​គណៈកម្មការ​ចម្រុះ ដែលមាន​សមាសភាព មកពី​គណបក្ស ក្នុង​រដ្ឋសភា ដើម្បី​ត្រួត​ពិនិត្យឡើងវិញ ពី​ការបោះបង្គោល​ព្រំដែន​។​

៨- ធ្វើ​វិសោធនកម្ម​នីតិវិធី ឬ​ធ្វើ​ច្បាប់​ឲ្យ​មាន ការបោះឆ្នោត​ជ្រើសរើស មេភូមិ​ដោយផ្ទាល់ ពី​ប្រជាពលរដ្ឋ​។​

៩- ប្រធាន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា គ្រប់លំដាប់​ថ្នាក់ មិន​ត្រូវមាន​តួនាទី ជា​ថ្នាក់ដឹកនាំ របស់​គណបក្សនយោបាយ ។​

១០-​ទាមទារ​ឲ្យ​ដោះលែង​ជាបន្ទាន់ អ្នកជាប់ចោទ អ្នក​ជាប់ទោស​មនសិកា​រ នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​៕

Wat 061033 Wat 061034


Source from: watphnom-news.com

No comments:

Post a Comment