
រាជធានីភ្នំពេញ ៖ បើទោះបីជាលោក កែវ សុខឃាង ត្រូវបានផ្លាស់ចេញពីតួនាទី ជាមេគយចល័ត នៅទូទាំងប្រទេសទៅកាន់តំណែងជា ប្រធាននាយកដ្ឋាន គ្រប់គ្រងតំបន់រួចពន្ធ រួចហើយក៏ដោយ ក៏មេឈ្មួញ កែវ ទូច ហៅចែ០២ ដែលជាប្អូនស្រីសំណព្វចិត្តរបស់លោក កែវ សុខឃាង នៅតែក្រអឺតក្រទមអួតប្រាប់គេឯងថា គាត់នៅតែមានអំណាចរកស៊ីដឹកជញ្ជូន ប្រេងគេចពន្ធតាមដែនសមុទ្រ យកមកលក់ចែកចាយពាសពេញខេត្តកំពត ខេត្តព្រះសីហនុ គ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះលោក កើត សុធារ៉ា ដែលជាមេគយចល័តទើបតែងតាំងថ្មី ធ្លាប់កាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ ក៏ជាមនុស្សជំនិតរបស់គាត់ផងដែរ ដូច្នេះជំនួញរកស៊ីប្រេងគេចពន្ធរបស់គាត់ នៅតែអាចដំណើរការដោយរលូនល្អដដែល។
មន្ត្រីនិងសមត្ថកិច្ចមួយចំនួនបានឲ្យដឹងថា មេឈ្មួញ កែវ ទូច ហៅចែ០២ សកម្មបំផុតក្នុងការរត់ពន្ធ ប្រេងសាំងមកពីស្រុកយួន និងស្រុកសៀម មិនខុសពីចោរលួចជាតិនោះទេ ដោយសំអាងថា មេឈ្មួញ កែវ ទូច ហៅចែ០២ គឺជាប្អូនស្រីសំណព្វចិត្តរបស់លោក កែវ សុខឃាង មន្ត្រីមួយចំនួនចេះតែយោគយល់ សូម្បីតែសមត្ថកិច្ចដទៃទៀត ក៏ចេះតែសុខស្រួលក្នុងការ ទទួលយកផលប្រយោជន៍ដែលមេឈ្មួញ កែវ ទូច ហៅចែ០២ បានបន្តក់ឲ្យជាប់ជាប្រចាំ។ ក្នុងមួយថ្ងៃៗមេឈ្មួញ ដុះស្លែរកស៊ីប្រេងគេចពន្ធ តាមដែនសមុទ្រម្នាក់នេះ បានប្រើប្រាស់ទូកម៉ាស៊ីនធំៗ ទៅដឹកប្រេងសាំងពីចំណុចកោះរ៉ុង យកមកស្តុកទុកនៅក្នុងខេត្តព្រះសីហនុ ដោយនាំចូលតាមច្រកផែកំពេញ ស្ថិតក្នុងស្រុកស្ទឹងហាវ យ៉ាងគគ្រឹកគគ្រេង។
ការដឹកជញ្ជូនប្រេងសាំងគេចពន្ធ តាមដែនសមុទ្ររបស់មេឈ្មួញ កែវ ទូច ហៅចែ០២ ធ្វើតាមលក្ខណៈវិលជុំដែលក្នុងទូកមួយគ្រឿង អាចផ្ទុកប្រេងសាំងគេចពន្ធ បានជាង ១ម៉ឺនលីត្រ ហើយទូក ៤-៥គ្រឿងរបស់ឈ្មួញ កែវ ទូច ហៅចែ០២ បន្តបណ្តាក់គ្នាដឹកប្រេងសាំងគេចពន្ធពីកោះរ៉ុង ឡើងមកស្ទឹងហាវ មិនដែលដាច់ស្នូរនោះទេ។ នៅពេលប្រេងសាំងយកមកដល់ផែ កំពេញ មេឈ្មួញ កែវ ទូច ហៅចែ០២ បានប្រើប្រាស់រថយន្តកូរ៉េជាច្រើនគ្រឿង ទៅដឹកប្រេងសាំងចេញពីទីនោះ យកទៅស្តុកទុកក្នុងទីតាំងដ៏ធំមួយកន្លែង ស្ថិតក្នុងស្រុកស្ទឹងហាវ មិនឆ្ងាយប៉ុន្មានពីផែកំពេញ ដែលនៅទីនោះមានរថយន្តគ្រប់ប្រភេទ ទៅដឹកប្រេងសាំងគេចពន្ធ យកមកចែកចាយលក់បន្តយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។
បើពិនិត្យលើទំហំនៃការនាំចូល ប្រេងសាំងគេចពន្ធរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ តាមដែនសមុទ្រគេអាចវាយតម្លៃបានថា ក្នុងមួយឆ្នាំៗគ្រាន់តែការខាតបង់ចំណូលពន្ធ គឺរាប់សិបលានដុល្លារឯណោះ មិនដែលមាននរណាឈឺក្បាលវិលមុខទេ ក៏ព្រោះតែមេឈ្មួញ កែវ ទូច ហៅចែ០២ បានយកឈ្មោះលោក កែវ សុខឃាង ទៅប្រើប្រាស់យ៉ាងពេញៗមាត់។ មុខជំនួញរកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធ របស់មេឈ្មួញ កែវ ទូច ហៅចែ០២ ចេញពីចំណុចកោះរ៉ុង ក៏មានទំនាក់ទំនងចែកហ៊ុនជាមួយមន្ត្រីយោធា នៅតំបន់នោះផងដែរ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ ព្រោះមេឈ្មួញ កែវ ទូច ហៅចែ០២ ក្រៅពីការយកឥទ្ធិពលរបស់បងប្រុសទៅប្រើប្រាស់ គាត់ក៏ចេះចែករំលែកផលប្រយោជន៍មួយផ្នែកឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត យកទៅចែកគ្នាធ្វើមានធ្វើបានផងដែរ។
គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើឥទ្ធិអំណាចរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ នៅស្ថិតស្ថេរយូរអង្វែងដល់ណាទៀត នៅពេលដែលបងប្រុសរបស់គាត់ ត្រូវបានផ្លាស់ចេញពីមេគយចល័តនៅទូទាំងប្រទេស ប៉ុន្តែគេជឿថា អាស្រ័យទៅលើការយោគយល់គ្នា មេគយចល័តថ្មី នឹងមិនហ៊ានប៉ះពាល់ដល់មុខជំនួញ រកស៊ីប្រេងសាំងគេចពន្ធរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ នោះទេ។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ភាគច្រើននៅក្នុងខេត្តព្រះសីហនុ ធ្លាប់ទទួលបានផលប្រយោជន៍ពីមេឈ្មួញ កែវ ទូច ហៅចែ០២ជាប់ជាប្រចាំ ដូច្នេះគេតែងតែវាយតម្លៃថា សកម្មភាពរកស៊ីនាំចូលប្រេងសាំងគេចពន្ធរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ នៅតែគ្មាននរណាហ៊ានប៉ះពាល់ដដែល។
លោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកគយនិងរដ្ឋាករ ល្មមឆ្លៀតពេលទំនេរទៅពិនិត្យមើល ភាពអនាធិបតេយ្យនៃការរកស៊ីនាំចូល ប្រេងសាំងគេចពន្ធ តាមដែនសមុទ្រដែលប្រព្រឹត្តដោយមេឈ្មួញ កែវ ទូច ហៅចែ០២ ឡើងវិញជាបន្ទាន់ ព្រោះថាភាពអសកម្មមួយនេះបានបំផ្លាញចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។ ប្រសិនបើមន្ត្រីជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធគិតគូរ ពីការបង្កើនចំណូលថវិកាជាតិ ហើយមានស្មារតីពិតប្រាកដ ក្នុងការលុបបំបាត់អំពើរត់ពន្ធទំនិញខុសច្បាប់ គួរតែបង្ក្រាបបទល្មើសនាំចូល ប្រេងសាំងគេចពន្ធពីចំណុចកោះរ៉ុង ឡើងមកផែកំពេញនៅចំណុចស្ទឹងហាវ របស់មេឈ្មួញ កែវ ទូច ហៅចែ០២ មិនដឹងជាប្រមូលថវិកាជូនជាតិបានច្រើនប៉ុនណាទេ៕
Source from: watphnom-news.com
No comments:
Post a Comment