
រាជធានីភ្នំពេញ ៖ ក្រហើយទីទ័លនិងមានទុក្ខទៀត សូម្បីតែម្តាយស្លាប់ ក៏គ្មានលុយបូជាសព ឬធ្វើបុណ្យសពជូនម្តាយនោះទេ នាំឲ្យអ្នកស្រុកអាណិតដល់ នាងក្រមុំកម្មការិនីម្នាក់ខ្លោចចិត្តគ្រប់ៗគ្នា បន្ទាប់ពីម្តាយរបស់នាង បានដេកស្លាប់ក្នុងបន្ទប់ជួល កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ហើយនាងក្រមុំត្រូវរស់នៅតែលតែលតែម្នាក់ឯង គ្មានទីពឹងអាស្រ័យទេ។
នារីដ៏កម្សត់ម្នាក់នោះមានឈ្មោះ សៅ ឈុន អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ បានឲ្យបានដឹងថា ម្តាយរបស់នាង មានឈ្មោះ ខឹម រីម អាយុ ៥៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួលកន្លែងកើត មានស្រុកកំណើត នៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នាងបានរៀបរាប់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ម្តាយរបស់នាងបានត្អូញថា មិនស្រួលខ្លួន នាងក៏បានដឹកម្តាយទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល លុះដល់ល្ងាចថ្ងៃទី២៩ ខែឆ្នាំដដែល ក៏បានដឹកម្តាយត្រឡប់មកបន្ទប់ជួលវិញ ជាអកុសលព្រឹកឡើង ពេលនាងបំរុងទៅធ្វើការរោងចក្រ ស្រាប់តែម្តាយនាង មានស្ថានភាពប្រែប្រួលខ្លាំង បន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ ។
ដោយសារតែជីវភាពក្រក្រី ពេលដែលម្តាយស្លាប់ នាងបានត្រឹមតែ សំកុកយំប៉ុណ្ណោះ ដោយសារតែនាងគ្មានលុយបន្តិចសោះ ហើយបានអង្វរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងឲ្យជួយ។ ពេលនោះអ្នក ជិតខាងបានរៃអង្គាសគ្នា បានប្រហែលជា ៥០ដុល្លារ ជួយដល់នាង ប៉ុន្តែប្រាក់ ៥០ ដុល្លារ គឺមិនគ្រប់ថ្លៃដឹកសពម្តាយទៅបូជាផង នាងបានត្រឹមតែឈរ នៅក្បែរសពម្តាយដើរចុះឡើង ។ សាកសពត្រូវបានបងប្អូន ប្រជាពលរដ្ឋជួយដឹកយកទៅតម្កល់ ទុកជាបណ្តោះអាសន្ន ។
ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ បន្ទាប់ពីម្តាយនាងបានស្លាប់ទៅ នាងជាកូនស្រី ត្រូវរស់នៅតែលតោលតែម្នាក់ឯង ហើយគ្មានលុយធ្វើបុណ្យសពជូនម្តាយ និងដឹកសពយកទៅបូជានោះទេ ព្រោះឪពុកក៏បានស្លាប់ចោល ទុកឲ្យនាងរស់នៅកំព្រា គ្មានទីពឹងអាស្រ័យនោះទេ។ កន្លងមកជីវភាពរបស់ ពីរនាក់ម្តាយកូននេះ ពឹងផ្អែកលើកូនស្រីជា កម្មការិនីរោងចក្រ ធ្វើការបានប្រាក់ឈ្នួលតិចតួច យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានមួយខែគ្រាន់តែហូបមួយខែ៕
Source from: watphnom-news.com
No comments:
Post a Comment