
ខេត្តកណ្តាល ៖ រថយន្តដឹក ប្រេងសាំងមួយគ្រឿង បានជ្រុលទៅបុកឡាន កុងតឺន័រមួយគ្រឿង ពេលកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យធ្លាក់ស៊ីទែន ពីលើរថយន្តរងការខូចខាត កាលពីវេលាម៉ោង ៨និង៥៥ នាទីព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយសាំងមួយចំនួន ត្រូវបានហូរហៀរពេញផ្លូវ នាំឲ្យប្រជាពលរដ្ឋ នាំគ្នាកើបយកប្រេងនោះ បានម្នាក់បន្តិចៗ។
រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ឆ្នូតពងមាន់ ប្រភេទសណ្តោងរ៉ឺម៉កកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A-8056 ជារបស់ក្រុមហ៊ុន សុកន ផែស្ងួត អ្នកបើកបរពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ។ រីឯរថយន្តរងគ្រោះវិញ ម៉ាកកាម៉ាស ពណ៌ក្រហម ឆ្នូតខៀវលាយស ពាក់ស្លាកលេខ ក ៤៤៧៧ ភព៣ ជាប្រភេទដឹកស៊ីទែនសាំង ចំណុះ ២៨០០០ លីត្រជា របស់ក្រុមហ៊ុន LHR អ្នកបើកបរមាន ឈ្មោះ ឃុន ដាវី ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំងទីម ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកបើកបរពុំមានរងរបួសនោះទេ ។
មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ បើកក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុចកើតហេតុ រថយន្តកុងតឺន័របានបត់ឆ្លងផ្លូង ស្របពេលនោះរថយន្ត ដឹកស៊ីទែនសាំង មកដល់ចាប់ ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកាប៊ីនខាងមុខ មួយទំហឹង ហើយក៏រ៉េចង្កូតទៅបុក បង្គោលភ្លើងធ្លាក់ ស៊ីទែនសាំង មកលើដី បណ្តាលឲ្យហៀរសាំង ចេញមកក្រៅមួយចំនួន ។
ប្រជាពលរដ្ឋបាននាំគ្នា យកប៊ីដុងទៅកើបយកសាំង ទៅប្រើប្រាស់បានបន្តិចបន្តួចម្នាក់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ចុះទៅដល់ធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំភាគី ទាំងសងខាងចូលខ្លួន ទៅដោះស្រាយគ្នាតាមផ្លូវច្បាប់៕
Source from: watphnom-news.com