
អំពើឃាតកម្មក្នុងគ្រួសារដ៏មហាឃោរឃៅមួយបានកើតមានឡើងនៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកនាថ្ងៃទី០១ខែតុលាឆ្នាំ២០១៣ ម្សិលមិញនេះ បង្កដោយឪពុកចិត្តឫស្យាប្រព្រឹត្តហិង្សាប្រហារកូនស្រីចុង អាយុ២០ឆ្នាំ និងប្រពន្ធ អាយុ៤៧ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ព្រមទាំងស្លាប់ទាំងខ្លួនឯងក្រោមកំហឹងដ៏ពុះពោររបស់ក្រុមប្រជាពលរដ្ឋរស់នៅក្បែរខាង។
ប្រជាពលរដ្ឋរស់នៅក្បែរលំនៅឋានកើតហេតុខាងលើបានឲ្យដឹងថា មុនដំបូងគេបានឮសូរសំឡេងឈ្លោះប្រកែកគ្នា និងបន្ទាប់មកឮសូរសំឡេងស្រែកឲ្យជួយផង ទើបក្រុមប្រជាពលរដ្ឋនាំគ្នាទៅជួយអន្តរាគមន៍ក៏បានឃើញបុរសឈ្មោះឡាំង ពិសេស ហៅ សែ អាយុ៤៨ឆ្នាំ កាប់សម្លាប់កូនស្រីចុងរបស់ខ្លួនឈ្មោះ នួន ចិន្តា អាយុ២០ឆ្នាំ និងប្រពន្ធរបស់ខ្លួនឈ្មោះ សេក ធូរ អាយុ៤៧ឆ្នាំ សឹងដាច់កបាត់ទៅហើយ។
ក្នុងស្ថានការណ៍ដ៏រន្ធត់នេះ ក្រុមប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចផងក៏បានល្បួងបុរសជាជនដៃដល់ឲ្យបញ្ឈប់សកម្មភាព ប៉ុន្តែបុរសចិត្តឫស្យានោះ មិនបានស្តាប់ទេ ហើយក៏បានកាត់ដៃទាំងពីររបស់ប្រពន្ធខ្លួននឹងកាំបិតផ្គាក់បង្ហាញសមត្ថកិច្ចនិងក្រុមប្រជាពលរដ្ឋថែមទៀត ព្រមទាំងមានបំណងចង់រត់គេចខ្លួនផង។
ដោយទប់កំហឹងមិនបានទៅនឹងអំពើដ៏ព្រៃផ្សៃរបស់បុរសកំរោលចូលនោះ ទើបក្រុមប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធហើយគប់ដំថ្មនិងសម្រុកចូលទៅវាយដំលើជនដៃដល់ឲ្យស្លាប់បាត់បង់ជីវិតតែម្តងនៅនឹងផ្ទះកើតហេតុ។
តាមការបង្ហើបប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរផ្ទះកើតហេតុនោះថា បុរសជនដៃដល់ឈ្មោះ ឡាំង ពិសេស ហៅ សែ ជួនពេលខ្លះមានចរិតសាហាវដូចខ្មោចចូលអ៊ីចឹងនិងតែងបង្កទំនាស់ក្នុងគ្រួសារ ហើយខណៈមុនពេលកើតហេតុអាចមានការប៉ុនប៉ងប្រមាថទៅលើកូនស្រីចុងរបស់ខ្លួន អាយុ២០ឆ្នាំ និងត្រូវស្ត្រីជាម្តាយនាងទាន់ក៏លេចកើតមានអំពើហិង្សាយ៉ាងសាហាវរហូតដល់ថ្នាក់កាប់សម្លាប់ទាំងកូនចុង ទាំងប្រពន្ធឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
សូមប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាសន្សំចិត្តជាកុសលចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ទោះធ្លាក់ក្នុងស្ថានភាពបែបណាក៏ដោយ ក៏ត្រូវព្យាយាមរកដំណោះស្រាយដោយអហិង្សានិងតាមនីតិវិធីនៃច្បាប់ ជៀសវាងនាំមកនូវសេចក្តីអន្តរាយដោយសារការលុះក្នុងអំពើអគតិទាំងបួន៕
Source from: www.dtn7.com