
កិត្តិសព្ទក្រុមហ៊ុនទូរសព្ទហ្វាំងឡង់ Nokia ដែលស្ងាត់អស់មួយរយៈធំពោលតាំងពីមាន iPhone និង Android Smartphone ចូលមកនោះ ឥឡូវនេះហាក់ចាប់ងើបឡើងវិញសាជាថ្មីហើយ។ របាយការណ៍ចេញពីគេហទំព័រ ubergizmo បានបង្ហាញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Nokia នៅអស់គ្លេសបានកើនឡើងពី ០% ទៅ ១១,៥% ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។
អាន៖ Microsoft ទិញផលិតផល និងសេវាកម្ម Nokia ដើម្បីពង្រីកទីផ្សារ
នាយកប្រតិបត្តិ Nokia លោក Stephen Elop
នាយកប្រតិបត្តិរបស់ Nokia គឺលោក Stephen Elolp បានប្រកាសកាលពីដើមឆ្នាំ២០១៣ នេះថា លោកនឹងធ្វើឱ្យចំណែកទីផ្សារក្រុមហ៊ុនមួយនេះកើនឡើង ១០% នៅអង់គ្លេស។ បើទោះបីក្ដីចង់បាននេះមិនទាន់ទទួលផលសមតាមចិត្ត ក៏ប៉ុន្តែឃើញថា ចំណែកទីផ្សាររបស់ Nokia បន្តការកើនឡើងដោយពេលនេះក្ដាប់បានចំណែកទីផ្សារ ១១,៥% នៅអង់គ្លេសហើយ។
អាន៖ អាថ៌កំបាំងនៅពីក្រោយមូលហេតុដែល Microsoft ទិញយកផលិតផល Nokia
គោលដៅបន្ទាប់របស់ Nokia គឺដណ្ដើមយកចំណែកទីផ្សារទូរសព្ទឱ្យបាន ២០% យ៉ាងយូរនៅចុងឆ្នាំ ២០១៣នេះ។ ប្រធានផ្នែកពាណិជ្ជកម្មរបស់ Nokia ប្រចាំនៅអង់គ្លេសបាន និងអឺរ៉ុបលោក Adrian Williams បាននិយាយថា ៖ “ចំណែកទីផ្សារ Smartphone ដំណើរការដោយ Windows Phone របស់យើងបានកើនឡើងចាប់ពី ០% ដល់ ១១,៥% ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ”។ “មហិច្ឆតារបស់យើងគឺធ្វើឱ្យមានកំណើនដល់ ២០% នៅចុងឆ្នាំ ២០១៣នេះ ដែលអាចធ្វើឱ្យ Nokia ឈានទៅក្លាយជាក្រុមហ៊ុនលេខ២ ដែលក្ដាប់បានចំណែកទីផ្សារលើសគេ”។
នេះគឺជាគោលដៅយ៉ាងពិតប្រាកដរបស់ Nokia ដែលអាចបំបែកកំណត់ត្រាដូចការប៉ុនប៉ងខាងលើ។
Nokia និង Microsoft បានយល់ព្រមលើកិច្ចព្រមព្រៀងទិញលក់ផលិតផល និងសេវាកម្មរវាងគ្នាកាលពីជាង ១ខែមុនគោលបំណងដើម្បីពង្រីកទីផ្សារ។ ដូច្នេះការនេះនឹងអាចជួយជំរុញឱ្យ Nokia រឹតតែខ្លាំងថែមមួយកម្រិតទៀត។