
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនិងក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញ តាមផ្លូវជាតិលេខ២១B បានសំដែងភាពក្តៅក្រហាយ ចំពោះលោក សំ សុជា ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលបានយកលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិទៅធ្វើអាជីវកម្ម ចេញចល័តដាក់ប៉ុស្តិ៍ជជុះ តាមផ្លូវជាតិលេខ២១B យ៉ាងអនាធិបតេយ្យ ហើយគាបសង្កត់ប្រជាពលរដ្ឋ អ្នករកស៊ីដឹកជញ្ជូនទំនិញបន្តិចបន្តួច រួមទាំងកសិផលផងដែរ ដោយគ្មានការយោគយល់អ្វីឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានដឹកជញ្ជូន កសិផលយកទៅលក់ នៅប្រទេសវៀតណាម ឬក៏ដឹកទំនិញផ្សេងៗ មកពីប្រទេសវៀតណាម តាមច្រកជ្រៃធំ យកមកលក់នៅភ្នំពេញ មិនដែលគេចផុតពីប៉ស្តិ៍ជជុះ របស់លោក សំ សុជា នោះទេ។ មានការរំលឹកផងដែរថា មន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃរបស់លោក សំ សុជា បានចុះមកដាក់ប៉ុស្តិ៍ជជុះ តាមផ្លូវជាតិលេខ២១B ច្រើនឆ្នាំមកហើយ តែងតែរំខានការរកស៊ី ដឹកទំនិញរបស់ប្រជាពលរដ្ឋ និងឈ្មួញតូចតាច មិនដឹងជាពួកគេរត់ការ ទិញប៉ុស្តិ៍ អស់ប៉ុន្មាននោះទេ ក្នុងមួយខែៗ
ការរកស៊ីដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងខុសច្បាប់ ត្រូវតែចូលបង់លុយ ឲ្យលោក សំ សុជា តាមការទាមទារ ទើបអាចដឹកជញ្ជូនទំនិញ ឬកសិផលឆ្លងកាត់ តាមផ្លូវជាតិលេខ ២១B ទៅកាន់ច្រកព្រំដែនជ្រៃធំ បានដោយរលូន ។ តាមធម្មតាលោក សំ សុជា បានកំណត់ឲ្យ ប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូន ទំនិញមានដូចជា ត្រី ពងទា បន្លែ អីវ៉ាន់ចាប់ហួយ ពោត សណ្តែក ល្ង… ត្រូវតែចូលបង់លុយចាប់ពី ១៥ទៅ២០ ម៉ឺនរៀល ដោយគិតតាមរថយន្តតូចឬធំ គ្មាននរណាហ៊ានបើកហួស ឬភ្លេចចូលបង់លុយនោះទេ ។
ចំណែករកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធ ដូចជាថ្នាំពុល តាមម៉ូតូឬរថយន្តតូចៗនោះ ក៏ត្រូវចូលបង់លុយឲ្យលោក សំ សុជា ជាប្រចាំខែដោយកំណត់ ក្នុងមួយខែចាប់ពី ២០០ ដុល្លារទៅ ៣០០ ដុល្លារ ទើបអាចរកស៊ីបាន។ បើមិនបង់លុយទៅតាម ការទាមទារនោះទេ គឺលោក សំ សុជា នឹងបើករថយន្តប្រដេញ តាមចាប់ដល់ផ្ទះ យកមកផាកពិន័យ រាប់ពាន់ដុល្លារ ហើយក៏ដោះលែងស្ងាត់ៗទៅវិញ ដែលរូបភាពនេះ គេដឹងថា លោក សំ សុជា ដើរតួជានគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃផង និងជាតុលាការផង គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីទេ។
មានការកត់សម្គាល់ថា ជារៀងរាល់ថ្ងៃយប់ មានរថយន្តកាមរីឆ្លាម ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ន.ប បិទកញ្ចក់ខ្មៅដែលគេស្គាល់ថា ជារបស់លោក សំ សុជា បើកចល័តតាមផ្លូវលេខ២១B ជាប់ជាប្រចាំ ដើម្បីតាមប្រមាញ់ រថយន្តដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងមិនស្របច្បាប់ ដើម្បីតាមប្រដេញឲ្យចូលបង់លុយ។ សកម្មភាពរបស់លោក សំ សុជា បែបនេះគឺផ្ទុយពីបទបញ្ជា របស់ប្រមុខរដ្ឋាភិបាលដែលបានហាមឃាត់ដាច់ខាត មិនឲ្យមានប៉ុស្តិ៍ជជុះតាមផ្លូវ រំខានដល់ការរកស៊ី ដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការរិះគន់ដែលថា លោក សំ សុជា ជាមន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចេញចល័តដាក់ប៉ុស្តិ៍ជជុះ តាមបណ្តោយផ្លូវជាតិលេខ២១B កោសរូសទារលុយពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកជញ្ជូនទំនិញ ដូចខាងលើនេះ វត្តភ្នំ ព្យាយាមសុំការបំភ្លឺពីលោក សំ សុជា ផងដែរ ក៏ប៉ុន្តែពុំមានប្រភពទាក់ទងបានឡើយ។ យ៉ាងណាក៏ដោយគេយល់ថា លោក សំ សុជា បានបង់លុយជូនលោក ហែម មុន្នី ដែលជាមេប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្តកណ្តាល តាមរយៈការទិញប៉ុស្តិ៍ ច្រើនសន្ធឹកសន្ធាប់ហើយមើលទៅ ទើបលោក សំ សុជា មិនក្រែងញញើតអ្វីទាំងអស់៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com