ករណី​រត់ពន្ធ​ទូរស័ព្ទ​ទំនើប​ទ្រង់ទ្រាយ​ធំ​មានតម្លៃ​មិនតិចជាង​៥០​ម៉ឺន​ដុល្លារ​អាជ្ញាធរ​មិនត្រូវ​បិទ​សំណុំរឿង​ស្ងាត់ៗ​និង​សោះកក្រោះ​ឡើយ​

​ព័ត៌មាន​ថ្មី​បន្ថែម​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​រត់ពន្ធ​ទូរស័ព្ទ​ទំនើប​ម៉ាក​LG និង​ម៉ាក Samsung ចំនួន​១.៤៨៣​គ្រឿង ដោយ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក Range Rover មួយគ្រឿង​ដឹកជញ្ជូន​ចេញពី​ខេត្តសៀមរាប​ហើយ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាបបាន​កាលពី​រាត្រី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ស្រុក​ស្ទោង ខេត្តកំពង់ធំ កន្លងមក​ថ្មីៗ​នោះ​គឺ​ទូរស័ព្ទ​គេចពន្ធ​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ថ្លើមធំ​នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប ពោល​គ្មាន​ឯកសារ​នាំចូល​និង​បង់ពន្ធ​តាម​មាត់ច្រក​ឡើយ ។​

​ក្នុង​បេសកកម្ម​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទូរស័ព្ទ​ទំនើប​ទ្រង់ទ្រាយ​ធំ​ដែលជា​បទល្មើស​គយ​ក្នុង​ចុងឆ្នាំ​២០១៣ និង​ដើម​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយករដ្ឋមន្ត្រី​ចាស់​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នូវ​ម្ចាស់​ទូរស័ព្ទ គឺមាន​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​អ្នកបើកបរ​រថយន្ត​ម្នាក់ទៀត​ឈ្មោះ កែវ សុខ​បេ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង តែ​ស្នាក់​នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ទម្រាំ​ឈានទៅ​បង្ក្រាបបាន​អំពើ​រត់គេច​ពន្ធ​ទូរស័ព្ទ​ទំនើប​ទ្រង់ទ្រាយ​ធំ​ចំនួន​១.៤៨៣​គ្រឿង និង​មានតម្លៃ​មិនតិចជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ដែលជា​បទល្មើស​គយ​នេះ គឺជា​ការលំបាក​ណាស់​ទៅហើយ​ចំពោះ​សមត្ថកិច្ច​ដែលមាន​មុខការ​បង្ក្រាប​បទល្មើស ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តើ​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែលមាន​គ្នា​ដូច​ស្រមោច​នោះ​កំពុង​ធ្វើ​អ្វី បាន​ជាមាន​ទូរស័ព្ទ​គេចពន្ធ​ជាង​១​ពាន់​គ្រឿង​អាច​ឆ្លងកាត់​បានមក​ដល់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​? ដូច្នេះ ករណី​បទល្មើស​គយ​ដែលមាន​តម្លៃ​មិនតិចជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​នេះ អាជ្ញាធរ​មិនត្រូវ​បិទ​សំណុំរឿង​ដោយ​ស្ងាត់ៗ​និង​សោះកក្រោះ ហើយ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​បាន​រួចខ្លួន​ពី​ការទទួលខុសត្រូវ​តាមច្បាប់​គយ​នោះឡើយ ។​

​ក្រុមអាជីវករ​លក់​ទូរស័ព្ទ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ដែល​បានដឹង​រឿងរ៉ាវ​នេះ​បាន​និយាយថា ហេង​ហើយ​ទូរស័ព្ទ​ទំនើប​ចំនួន​១.៤៨៣​គ្រឿង​ត្រូវ​បង្ក្រាបបាន តែបើ​មិន​បង្ក្រាបបាន​វិញ​គឺ​ទូរស័ព្ទ​ទាំងនេះ​នឹង​ជ្រៀតចូល​ទីផ្សារសេរី​យ៉ាង​ស្រួល ជាហេតុ​ធ្វើ​ឲ្យ​កើតមាន​អំពើ​ប្រកួតប្រជែង​ដោយ​មិន​ស្មោះត្រង់​ក្នុង​មុខរបរ​ជំនួញ ដោយ​អ្នក​ស្មោះត្រង់​បង់ពន្ធ​ឲ្យ​រដ្ឋ​ក្លាយជា​ជនរងគ្រោះ​ទាំង​អយុត្តិធម៌ ៕​

65443


Source from: www.dtn7.com

No comments:

Post a Comment