
ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនបុរស ៣នាក់ដែលជាប់ចោទ ពីបទហិង្សាដោយចេតនា បន្ទាប់ពីបានព្រួតគ្នា វាយធ្វើបាបបុរសជាប្តី ហើយច្រានស្ត្រីជាប្រពន្ធ បណ្តាលឲ្យដួល រលូតកូនក្នុងផ្ទៃ ២ខែ ខណៈដែលនាងចូលជួយប្តី កាលពីម៉ោង១៧ ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៣ នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ញ៉ សាវ័ន្ត ភេទស្រីអាយុ ៣១ឆ្នាំមានផ្ទៃពោះ ២ខែ បានរលូតកូន និងប្តីឈ្មោះ ហម ជឹម អាយុ ៣២ឆ្នាំមានទីលំនៅ ក្នុងភូមិឃុំកើតហេតុ។ ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនរួមមានទី១-ឈ្មោះ សែម ឡាច អាយុ ៥៦ឆ្នាំ ទី២-ឈ្មោះ ឡាច ឡាត់ អាយុ ២០ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ សែម ឡាចនិងទី៣-ឈ្មោះ ប៊ិន ឡុង អាយុ ២៥ឆ្នាំត្រូវជាក្មួយប្រសារ ហើយជនសង្ស័យទាំង ៣នាក់ស្នាក់នៅ ក្នុងភូមិកើតហេតុជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានសារភាពថា មុនពេលកើតហេតុ ពួកខ្លួនខឹងឈ្មោះ ហម ជឹម ដែលនិយាយមើលងាយថា ពួកគេគ្មានប្រាក់ ៣០០ដុល្លារ ទៅព្យាបាលជំងឺកូននៅពេទ្យ ក៏ក់តមានជម្លោះវាយតប់គ្នា និងវាយឈ្មោះ ហម ជឹម នៅមុខផ្ទះ ខណៈនោះស្ត្រីជាប្រពន្ធឈ្មោះ ញ៉ សាវ័ន្ត ចូលមកជួយឃាត់ ហើយពួកខ្លួនប្រតាយច្រាន ដួលអុកគូថតែម្តង ហើយក៏មិនដឹងថា នាងមានផ្ទៃពោះឬអត់ទេ។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមបណ្តឹងរបស់ឈ្មោះ ញ៉ សាវ័ន្ត គឺក្រោយពេលប្រតាយគ្នា ដួលអុកគូថនៅកន្លែងកើតហេត នាងចុកពោះហើយបានទៅពិគ្រោះ ជាមួយពេទ្យឆ្មប ទើបដឹងថា កូនក្នុងផ្ទៃ២ខែរបស់នាង ត្រូវរលូតបាត់។ សង្ស័យទាំង ៣នាក់ត្រូវបាន សមត្ថកិច្ចអាវុធហត្ថ កសាងសំណុំ រឿងពីបទហិង្សាដោយចេតនា បញ្ជូនទៅតុលាកានា កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com